ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពវេណេស៊ុយអេឡា​​ នឹង​បំពាក់​អាវុធ​ទំនើបៗ ​បន្ថែមទៀត

21

នៅក្នុងអំឡុង​នៃការធ្វើសមយុទ្ធយោធាធំបំផុត​ នៅក្នុងប្រទេស​វេណេស៊ុអេឡាលោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា ប្រទេសរបស់​លោកនឹងធ្វើការវិនិយោគ​លើសព្វាវុធថ្មីៗ ដើម្បីបំពាក់​ឲ្យកងកម្លាំងយោធា​ ស្ថិតក្នុងការពារ​ប្រទេសជាតិ​ពីការគំរាមកំហែង​នានា។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ បានលើកឡើង​ចំពោះមុខការធ្វើសមយុទ្ធ​យោធា នាថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ (ពេលវេលា​នៅអាមេរិកខាងត្បូង) យ៉ាងដូច្នេះថា «យើងនឹង​ធ្វើការវិនិយោគ ដូច្នេះ​នាយទាហាន កងកម្លាំងយោធា និង​ក្រុមអ្នក​ប្រយុទ្ធ នឹងទទួលបាន​អាវុធដែលមាន​អានុភាព វេណេស៊ុយអេឡា​នឹងមានអ្វីៗ​គ្រប់យ៉ាង នោះគឺអាវុធ​បំពាក់គ្រប់ដៃចាប់ពីកាំភ្លើង រហូតដល់​គ្រាប់មីស៊ីល​ដ៏មានអានុភាព ព្រោះតែ​វេណេស៊ុយអេឡាចង់​បាន​សន្តិភាព.។

លោក ម៉ាឌូរ៉ូ ក៏បានសង្កត់ធ្ងន់​ផងដែរថា កងទ័ពវេណេស៊ុយអេឡា​ទាំងអស់ ស្ម័គ្រចិត្តស្លាប់​ដើម្បីការពារប្រទេស​ជាតិ ប៉ុន្តែប្រជាជន​ទាំងអស់​ក៏ជាកម្លាំងគោលចម្បងផងដែរ ដែលត្រូវងើបឡើងដើម្បីការពារប្រទេសកំណើត​របស់ពួកគេ​។ ដោយឡែក​ការធ្វើសមយុទ្ធយោធា​ធំសម្បើម​លើកនេះ គឺស្ថិតនៅក្នុង​ន័យបង្ហាញ​សាច់ដុំចំពោះមុខ​សហរដ្ឋអាមេរិក ដែលរដ្ឋាភិបាល​​លោក ម៉ាឌូរ៉ូ ចោទថា កំពុងមាន​ចេតនាមិនល្អចង់ទម្លាក់​លោកចេញពី​តំណែង តាមរយៈការ​គាំទ្រក្រុមប្រឆាំង៕

អត្ថបទដែលជាប់ទាក់ទង