ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋកម្ពុជានឹងមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់និងបញ្ចប់ភាពក្រីក្រនៅឆ្នាំ២០៣០

31

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជានឹងមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់និងបញ្ចប់ភាពក្រីក្រនៅឆ្នាំ២០៣០ខាងមុខនេះ ខណៈដែលប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នេះអត្រានៃប្រជាពលរដ្ឋក្រីក្របានកាត់បន្ថយយ៉ាងឆាប់រហ័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ៧ភាគរយរាល់ឆ្នាំ។

   នេះបើតាមការបញ្ជាក់ពីលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងជាអគ្គនាយកជំរឿនប្រជាជនទូទៅ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីជំរឿនទូទៅប្រជាជនខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោកកាលព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

   លោកស្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាយើង បានធ្វើការជំរឿនកាលពីឆ្នាំ១៩៩៨ ហើយការជំរឿនប្រជាពលរដ្ឋកាលពេលនោះពិតជាមានការលំបាក ដោយតំបន់មួយចំនួនយើងចូលមិនដល់និងពិបាក់ក្នុងការធ្វើទំនាក់ទំនង ពិសេសនៅតំបន់អន្លង់វែងជាដើម ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីការងារនេះយើងធ្វើទទួលបានជោគជ័យ។

     លោកស្រីបានបញ្ជាក់ថា ការជំរឿនប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់មិនអាចខ្វះបានឡើយ ពោលគឺ បើមិនមានជំរឿនទេ យើងមិនអាចអភិវឌ្ឍន៍ប្រទេសបានឡើយ។ សារៈសំខាន់នៃការជំរឿនប្រជាពលរដ្ឋនេះ គឺ រៀបចំផែនការ គោលនយោបាយអភិវឌ្ឍន៍ជាតិ តាមដានការអភិវឌ្ឍន៍ផែនការ គោលដៅ២០១៩_២០៣០ ដែលជាគោលដៅក្តៅគគុក។ លោកស្រីបញ្ជាក់ទៀតថា តាមការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនឹងធ្វើអោយប្រជាពលរដ្ឋកម្ពុជាមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់និងបញ្ចប់ភាពក្រីក្រនៅឆ្នាំ២០៣០ខាងមុខនេះ។

   លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានអោយដឹងថា ខណ្ឌទួលគោកមានចំនួន១០សង្កាត់និងមានប្រជាពលរដ្ឋរស់នៅចំនួន១៣០០២២នាក់ ស្រី៦៦១៩៨នាក់ មានដង់ស៊ីតេប្រជាពលរដ្ឋ១៦,២៩៣នាក់ក្នុងមួយគីឡូម៉ែត្រ។ ខណ្ឌទួលគោកមានមណ្ឌលជំរឿនចំនួន២៩៧មណ្ឌលនិងបានជ្រើសរើសមន្ត្រីសរុបចំនួន៣៧៧នាក់ ក្នុងនោះមានមន្ត្រីសម្ភាសមានចំនួន២៩៧នាក់ មន្ត្រីត្រួតពិនិត្យចំនួន៧៥នាក់និងមន្ត្រីត្រៀមបំរុងចំនួន៥នាក់។រៀបចំតារាងស្រង់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ វត្តអារាម មន្ទីរពេទ្យ គ្លីនិកធំៗ ផ្សារ។ល។ ពិសេសយើងនឹងធ្វើសម្ភាសជំរឿនប្រជាពលរដ្ឋគ្មានផ្ទះសំបែងនិងប្រជាពលរដ្ឋឆ្លងកាត់នៅយប់នាថ្ងៃទី២ មិនា ២០១៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង