ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រែលក្ខខណ្ឌមួយចំនួន ដើម្បីកៀរគរចំណូលពន្ធ ឲ្យស្របតាមផែនការ

35


ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចកែប្រែលក្ខខណ្ឌមួយចំនួន ដើម្បីកែទម្រង់ និងបង្កភាពងាយស្រួលដល់អ្នកបង់ពន្ធ ។ ការធ្វើកំណែទម្រង់ បានធ្វើឡើងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកៀរគរចំណូលពន្ធឲ្យស្របតាមផែនការ និងយុទ្ធសាស្រ្តចតុកោណ។

សេចក្តីប្រកាសព័ត៌មានស្តីពីលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្តីពី “កាតព្វកិច្ចពន្ធ លើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងអាករលើតម្លៃបន្ថែម” នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ នាសណ្ឋាគារសូហ្វីតែល ដែលមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ។

លោក គង់ វិបុល បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ជាមួយនឹងយុទ្ធសាស្រ្តកៀរគរចំណូល និងកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាក់ស្តែងក្នុងឆ្នាំ២០១៨ ចំណូលពន្ធដារ ដែលអគ្គនាយកដ្ឋនពន្ធដារប្រមូលបានចំនួន ៨.៧៩១,៤០ប៊ីលានរៀល ប្រមាណ២.១៩៧,៨៤លានដុល្លារអាមេរិក ស្នើនឹង១១៤,២៧ភាគរយ នៃផែនការច្បាប់ បើទោះបីជានេះ ឆ្នាំ២០១៨ នេះ ជាឆ្នាំបោះឆ្នោតដែលកន្លងមក តែងតែមានការធ្លាក់ចុះ ក្នុងការប្រមូលពន្ធក៏ដោយ ហើយនេះជាការឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត របស់វិនិយោគិន សហគ្រាសជាអ្នកជាប់ពន្ធ និងសាធារណជន លើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច របស់កម្ពុជា ។ លោកក៏បានអរគុណ​ ចំពោះដល់សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ ដែលបានចូលរួមចំណែក ក្នុងបុព្វហេតុនៃការធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ដែលជាកត្តាជំរុញឲ្យសម្រេចបាននូវសមិទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។

ទន្ទឹមនឹងពេលដែលអគ្គនាយកដ្ឋានពន្ធដារ ធ្វើទំនើបកម្មក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះលោកអគ្គនាយកពន្ធដារ លើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ ចូលរួមប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យទទួលបានសេវាអ្នកជាប់ពន្ធ ដែលមានភាពសាមញ្ញ ងាយស្រួល មានគុណភាពប្រកបដោយតម្លាភាព និងមានភាពឆាប់រហ័ស ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ដែលចាប់ផ្តើមអនុវត្ត ពីខែមករាឆ្នាំ២០១៩នេះ។ ដោយឡែកសហគ្រាសទាំងឡាយ ដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាព ដើម្បីជាប្រយោជន៍ទទួលនូវសេវា ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការដ៏មុតស្រួចមួយចំនួន ក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ ដើម្បីជួយលើកកម្ពស់ ភាពប្រកួតប្រជែង និងការកែលម្អបរិយាកាសធុរកិច្ច នៅកម្ពុជា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសំណូមពរដល់អគ្គនាយកដ្ឋានពន្ឋដារ ឲ្យជួយសម្រួលដល់ការបង់ពន្ធ របស់បណ្ដាក្រុមហ៊ុននានា ឲ្យសមស្របជាមួយបណ្ដាប្រទេសជិតខាង ដើម្បីឈានដល់ការប្រគួតប្រជែងផ្នែកពាណិជ្ជកម្មកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង