ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីសេដ្ឋកិច្ច ណែនាំដល់មន្រ្តីពន្ធដារ ប្រមូលពន្ធប្រកបដោយភាពម៉ឺងម៉ាត់ និងស្នើភាព ខណៈ ១២ខែឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ២.០០០លានដុល្លារ

100


ភ្នំពេញ ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៨​ ចំណូលពន្ធ-អាករ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) បានចំនួន ៨.៧៩១,៤០ ប៊ីលានរៀល (ប្រមាណ ២.១៩៧,៨៥ លានដុល្លារអាមេរិក) ស្មើនឹង១១៤,២៧ភាគរយ នៃផែនការប្រចាំឆ្នាំ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ កើន១៣,៣៧ភាគរយ។ ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានណែនាំដល់មន្រ្តីពន្ធដារ ត្រូវប្រមូលពន្ធឲ្យបានត្រឹមត្រូវតាមផែនការកំណត់ និងប្រកបដោយភាពម៉ឺងម៉ាត់ និងស្នើភាព។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ ប្រចាំឆ្នាំ២០១៨ និងសមិទ្ធផល៥ឆ្នាំ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាន​បង្ហាញ​ថា ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករ ក្នុងខែធ្នូ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៧០,០៧ ប៊ីលាន​រៀល (ប្រមាណជា ១៤២,៥២ លានដុល្លារ អាមេរិក) ស្មើនឹង ៧,៤១ភាគរយ នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀប នឹងចំណូលពន្ធ-អាករ ប្រចាំខែធ្នូ ឆ្នាំ២០១៧ ឃើញថា កើនឡើងចំនួន ១២៥,៧៧ ប៊ីលានរៀល (ប្រមាណជា ៣១,៤៤ លានដុល្លារអាមេរិក) ស្មើនឹង ២៨,៣១ភាគរយ។

លោកអគ្គនាយក បានបញ្ជាក់ថា សរុបរយៈពេល១២ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៨.៧៩១,៤០ ប៊ីលានរៀល (ប្រមាណ ២.១៩៧,៨៥ លានដុល្លារអាមេរិក) ស្មើនឹង១១៤,២៧ភាគរយ នៃផែនការប្រចាំឆ្នាំ ដែលក្នុងនោះ ទំហំចំណូលលើសផែនការ មានចំនួន ១.០៩៧,៩០ ប៊ីលានរៀល (ប្រមាណ ២៧៤,៤៧ លានដុល្លារអាមេរិក)។ ប្រសិនបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ ឃើញថាចំណូលពន្ធ-អាករ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៨ កើនឡើងចំនួន ១.០៣៦,៥៩ ប៊ីលានរៀល (ប្រមាណជា២៥៩,១៥ លានដុល្លារអាមេរិក) ស្មើនឹង ១៣,៣៧ភាគរយ។
លោកគង់ វិបុល បានបន្ថែមថា ជារួមសរុបក្នុងរយៈពេល៥ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវកំណើនចំណូលពន្ធ​ ក្នុង​រង្វង់ប្រមាណ ២០ភាគរយ ក្នុងមួយឆ្នាំ ក្នុងនោះឆ្នាំ២០១៤ បានចំនួន៤.២៦៧ ប៊ីលានរៀល (១.០៦៧លានដុល្លារ), ឆ្នាំ២០១៥ បាន៥.២១០ ប៊ីលានរៀល (១.៣០២លានដុល្លារ), ឆ្នាំ២០១៦ បាន៦.០១០,៤៨ប៊ីលានរៀល (១.៥០២,៦២លានដុល្លារ), ឆ្នាំ២០១៧ បាន៧.៩០៦,៥២ប៊ីលានរៀល (១.៩៧៦,៦៤លានដុល្លារ) និងឆ្នាំ២០១៨ បាន៨.៧៩១,៤០ប៊ីលានរៀល (២.១៩៧,៨៥លានដុល្លារ)។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្មរបស់ខ្លួន ។ សម្រាប់ឆ្នាំ២០១៩នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ​ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេច ឲ្យបានពន្ធលើការប្រមូលពន្ធ លោករដ្ឋមន្រ្តី បានណែនាំ លើវិធានការ និងទិសដៅ ត្រូវអនុវត្តបន្ត រួមមាន៖
បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដោយសិក្សារៀបចំ ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើតឲ្យមានមជ្ឈមណ្ឌលរក្សាទិន្នន័យរួម (Big Data) របស់អគ្គនាយកដ្ឋានពន្ធដារ។ រៀបចំធ្វើបច្ចុប្បន្នភាព និងសិក្សារៀបចំបន្ថែមនូវបទប្បញ្ញត្តិស្ដីពន្ធដារ សម្រាប់គំាទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ។ សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣។ ពង្រឹងការអនុវត្តយន្តការនៃការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករ លើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ។ បន្តខិតខំកែលម្អការគ្រប់គ្រងប្រមូលបំណុលពន្ធ។ ពង្រឹងការយកចិត្តទុកដាក់រៀបចំនីតិវិធីក្នុងការធ្វើសវនកម្ម។ បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រងវាយតម្លៃ ក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។ បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យទាំងអស់នៅរាជធានីភ្នំពេញ និងនៅតាមតំបន់ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ។ បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ។

គួរបញ្ជាក់ផងដែរ​ថា បន្តពីយុទ្ធសាស្រ្តកៀរគរចំណូល ២០១៤-២០១៨ អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងរៀបចំនូវយុទ្ធសាស្រ្តគៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ដែលមានគោលបំណងជាយុទ្ធសាស្រ្ត ៣ រួមមាន គោលបំណងទី១ បង្កើនអនុលោមភាពតាមច្បាប់ដោយស្ម័គ្រចិត្ត និងកាត់បន្ថយជាអតិបរមានូវបន្ទុកអ្នកជាប់ពន្ធ ដោយផ្តល់សេវា ប្រកបដោយគុណភាព គោលបំណងទី២ ធានាថាអ្នកជាប់ពន្ធ បានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ប្រកបដោយភាពម៉ឺងម៉ាត់ និងស្នើភាព និងគោលបំណងទី៣ អនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយពង្រឹងស្ថាប័ន៕

អត្ថបទដែលជាប់ទាក់ទង