ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គទេសាភិបាល ធនាគារជាតិ ប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងដល់ ៧,៣ភាគរយ

36


ភ្នំពេញ៖លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យដឹងពី កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងដល់ ៧,៣ភាគរយ ដែលជាកម្រិតខ្ពស់ ធៀបនឹងរយៈពេល ៤ឆ្នាំកន្លងទៅ និងកម្រិតមធ្យម នៃកំណើនសេដ្ឋកិច្ច កំពុងងើបឡើង និងកំពុងអភិវឌ្ឍន៍ ដោយសារការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនដ៏ត្រឹមត្រូវ គួបផ្សំនឹងបរិយាកាស អំណោយផល នៃសេដ្ឋកិច្ចពិភពលោកនិងតំបន់។

នៅថ្ងៃសុក្រ ទី២៥ និងទី២៦ ខែមករា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ។ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា សន្និបាតនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីលទ្ធផលការងារ ដែលធនាគារជាតិនៃកម្ពុជា សម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារចម្បងៗ សម្រាប់ឆ្នាំ២០១៩ សំដៅឈានទៅបន្ត សម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារ ក៏ដូចជា សេដ្ឋកិច្ចកម្ពុជាទាំងមូល។ ទន្ទឹមនេះ សន្និបាតនេះ ក៏ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃប្រតិបត្តិការធនាគារជាតិនៃកម្ពុជាផងដែរ។

លោកទេសាភិបាល បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨ កម្ពុជារក្សាបានស្ថិរភាព អត្រាប្តូរប្រាក់ល្អប្រសើរ ធៀបនឹងរូបិយប័ណ្ណបណ្តាប្រទេសក្នុងតំបន់ ដែលបានប្រឈមនឹងការធ្លាក់ ថ្លៃធៀបនឹងដុល្លារអាមេរិក។ ស្ថិរភាពអត្រាប្តូរប្រាក់នេះ ក៏ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ ទទួលស្គាល់ថា ជាកត្តាចម្បងមួយ ក្នុងការពង្រឹងជំនឿទុកចិត្តលើសេដ្ឋកិច្ចកម្ពុជាផងដែរ។

ធនាគារជាតិនៃកម្ពុជា បានបន្តអនុវត្តវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ផ្អែកលើយន្តការទីផ្សារ និងស្ថានភាពជាក់ស្តែង ដូចជា ការលើកកម្ពស់ការយល់ដឹង ពីសារសំខាន់ប្រាក់រៀល, ការដាក់ឱ្យដំណើរការប្រព័ន្ធសេវាទូទាត់រហ័ស FAST ដែលមានភាពអំណោយផលដល់ការទូទាត់ជាប្រាក់រៀល, ការផ្តល់សន្ទនីយភាពជាប្រាក់រៀលតាមប្រតិបតិ្តការ LPCO ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុមានសមាមាត្រឥណទានជាប្រាក់រៀល យ៉ាងហោចណាស់ ១០ភាគរយ នៅត្រឹមឆ្នាំ២០១៩ ជាដើម។

លោកបានបន្ថែមថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ បន្ទាប់ពីវិស័យធនាគារ បានធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យធនាគារ ក៏ត្រូវបានធ្វើទំនើបកម្មជាលំដាប់ផងដែរ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យបញ្ចូល ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងជំនឿទុកចិត្តលើសេវាហិរញ្ញវត្ថុ។

បច្ចុប្បន្ន ប្រតិបត្តិការក្នុងវិស័យធនាគារត្រូវបានធ្វើឡើងស្របនឹងបច្ចេកវិទ្យាទំនើបនិងមានសមាហរណកម្មទៅក្នុងតំបន់ ដូចជា កំណើនយ៉ាងឆាប់រហ័ស នៃការប្រើប្រាស់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ការទូទាត់ដោយផ្អែកលើទូរស័ព្ទដៃ ជាដើម។ ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា ក៏ថ្លឹងថ្លែងពីសក្តានុពល និងការបង្ការហានិភ័យ ដែលអាចកើតចេញពីបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ ដូចជាចរាចរណ៍ និងការដោះដូរ Crypto currency ជាដើម ដែលអាចមានផលប៉ះពាល់ ដល់វិស័យធនាគារ និងសេដ្ឋកិច្ច។

ជាមួយនឹងការសម្រេច បានការរក្សាស្ថិរភាពថ្លៃ ធនាគារជាតិនៃកម្ពុជា ក៏បានបង្កបរិយាកាស ឱ្យវិស័យធនាគារ មានការរីកចម្រើន ដោយថ្លឹងថ្លែង ពីការពង្រីកសេវាហិរញ្ញវត្ថុ (financial expansion) ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ (financial inclusion) និងហានិភ័យ ចំពោះវិស័យធនាគារ ដើម្បីបន្តគាំទ្រដល់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន និងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។

ស្របនឹងការរីកចម្រើននៃ វិស័យធនាគារ និងភាពប្រទាក់ក្រឡា ជាមួយនឹងសេដ្ឋកិច្ចពិភពលោក និងតំបន់ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) បានបង្កើនប្រសិទ្ធភាព លើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោក អ៊ូ ចាន់តារា៖ ដើម្បីពង្រឹងប្រតិបត្តិការនៅតាមបណ្ដា សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត ធនាគារជាតិនៃកម្ពុជា បានធ្វើបច្ចុប្បន្នកម្មនិងដាក់ឱ្យប្រើប្រាស់នូវសៀវភៅក្រហមថ្មី ដើម្បីឱ្យស្របទៅតាមប្រភេទ និងទំហំប្រតិបត្តិការរបស់ធនាគារកណ្ដាល ព្រមទាំងបានធ្វើការបណ្ដុះបណ្ដាលលើសៀវភៅក្រហមថ្មី និងបានចុះតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត។

លោកស្រី ស្រី ស៊ីយុត៖ ការអនុវត្តការងារសវនកម្ម និងអធិការកិច្ច របស់ធនាគារជាតិនៃកម្ពុជា នៅពេលបច្ចុប្បន្ននេះ ផ្តោតខ្លាំងលើការប្រតិបត្តិតាម និងការត្រួតពិនិត្យផ្ទៃក្នុង ដែលជាស្នូល នៃការគ្រប់គ្រងដ៏រឹងមាំ នៅក្នុងការអនុវត្តប្រតិបត្តិការធនាគារកណ្តាល។ ការប្រតិបត្តិតាម គឺជាមុខងារមួយដ៏សំខាន់ នៅក្នុងស្ថាប័ន ដើម្បីធានាទាំងពេលបច្ចុប្បន្ននិងទៅអនាគត សកម្មភាពនានារបស់អង្គភាពពាក់ព័ន្ធ ត្រូវបានអនុវត្តដោយអនុលោមតាមបទប្បញ្ញត្តិ គោលនយោបាយ និងសេចក្តីណែនាំជាធរមាន។ មុខងារសវនកម្មផ្ទៃក្នុងពាក់ព័ន្ធនឹងការប្រតិបត្តិតាម គឺ i/-ដើម្បីធានាថា សកម្មភាពការងារទាំងអស់ត្រូវបានអនុវត្តតាមគោលការណ៍ និងនីតិវិធីដែលមានជាធរមាន និង ii/-ដើម្បីពិនិត្យមើលថាតើគោលការណ៍ និងនីតិវិធីដែលមានជាធរមាន មានលក្ខណ:សមស្រប និងអាចការពារហានិភ័យបានគ្រប់គ្រាន់ឬទេ។ ក្នុងករណីពិនិត្យទៅឃើញថា មិនសមស្រប ឬមិនគ្រប់គ្រាន់ សវនកម្មផ្ទៃក្នុងមានតួនាទី ផ្តល់ជាអនុសាសន៍ ដើម្បីឱ្យអង្គភាពពាក់ព័ន្ធឬសវនដ្ឋាន ពិនិត្យឬធ្វើបច្ចុប្បន្នកម្មគោលការណ៍ និងនីតិវិធីទាំងនោះឡើងវិញ។

លោក រ័ត្ន សុវណ្ណនរៈ ៖ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញផែនការសំខាន់ៗចំនួន៨គឺ ១/- ការរៀបចំនិងចេញផ្សាយប្រកាស និងបទប្បញ្ញត្តិថ្មីៗ ២/- វឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ នៅកម្ពុជា ៣/- ការត្រៀមអនុវត្តន៍ តាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (CIFRS) របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ៤/-វឌ្ឍនភាពនៃគម្រោង អនុវត្តការត្រួតពិនិត្យផ្អែកលើហានិភ័យ ៥/- ការអនុវត្តប្រកាសស្តីពីឥណទានជារូបិយវត្ថុជាតិ ៦/- គម្រោងការបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជា ៧/- ការងារជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង ៨/- ការងារដោះស្រាយបណ្តឹងរបស់អតិថិជនតាម Hotline។

លោក មុំ ដារ៉េត៖ ការផ្គត់ផ្គង់ប្រាក់រៀល ទៅឱ្យសាខាធនាគារជាតិ នៃកម្ពុជារាជធានី-ខេត្ត បានកើនឡើង ២៩,៣ភាគរយ រីឯការដឹកជញ្ជូនប្រាក់រៀល ត្រឡប់មកវិញ ក៏បានកើនឡើង ២០,២ភាគរយ ផងដែរ។ អគ្គបេឡា បានដកហូតក្រដាសប្រាក់រៀល ក្លែងក្លាយចំនួន ៤.៧៥១សន្លឹក ហើយក្រដាសប្រាក់ក្លែងក្លាយ ភាគច្រើន គឺប្រភេទក្រដាស ១០.០០០ រៀល។

លោក ង៉ែត សុវណ្ណារិទ្ធ៖ កាលពីថ្មីៗនេះ ដើម្បីជំរុញប្រសិទ្ធភាព នៃការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (ស.ប.ហ.ភ) ឱ្យកាន់តែប្រសើរឡើង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) បានដើរតួនាទីបន្ថែមពីលើ តួនាទីស្នូលរបស់ខ្លួន ដោយធ្វើជាអ្នកផ្តួចផ្តើម សម្របសម្រួលក្រុមការងារអន្តរក្រសួង សម្រេចបានសមិទ្ធផលធំៗចំនួន២គឺ៖ ១/- វាយតម្លៃហានិភ័យ ថ្នាក់ជាតិ ស្តីពីការប្រឆាំង ស.ប.ហ.ភ លើកទី១ និងដាក់ជូនគណៈកម្មាធិការស៊ើបការណ៍ហិរញ្ញវត្ថុ (គ.ស.ហ) អនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និង ២/- រៀបចំឯកសារយុទ្ធសាស្ត្រជាតិ ស្តីពីការប្រឆាំង ស.ប.ហ.ភ ឆ្នាំ២០១៩-២០២៣ លើកទី២ និងបានដាក់ជូន គ.ស.ហ អនុម័តដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

លោក គីមទី កោមលី៖ ការគ្រប់គ្រងទុនបម្រុងវិនិយោគ គឺជាការងារស្នូលមួយ របស់ធនាគារកណ្តាល។ គោលនយោបាយវិនិយោគ និងសេចក្តីណែនាំការវិនិយោគ ត្រូវបានរៀបចំឡើង ដើម្បីកំណត់ជាគោលការណ៍ និងជាមូលដ្ឋាន ក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគ ដោយត្រូវយកចិត្តដាក់ និងចាត់ចែងការវិនិយោគ ទៅតាមលំដាប់អាទិភាព i/-រក្សាដើមទុន ii/-សន្ទនីយភាព និង iii/- ចំណូល។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ ទុនបម្រុងវិនិយោគ ដែលធនាគារជាតិនៃកម្ពុជាគ្រប់គ្រង បានកើនឡើង ១៤ភាគរយ ធៀបនឹងខែដូចគ្នានៃឆ្នាំ២០១៧។

លោក លី ប៊ុនសោម៖ នៅក្នុងឆ្នាំ២០១៩នេះ នាយកដ្ឋានគណនេយ្យផ្ដោត ជាសំខាន់ លើការងារអាទិភាព ដែលត្រូវអនុវត្តន៍ចំពោះមុខ ដូចខាងក្រោម៖ i/-ការងារសវនកម្មឯករាជ្យ ii/-ការងារធ្វើបច្ចុប្បន្នកម្ម លើសៀវភៅកម្រងឯកសារណែនាំ ស្ដីពីប្រតិបត្តិការរបស់សាខាធនាគារជាតិ នៃកម្ពុជា រាជធានី-ខេត្ត ហៅកាត់ថា សៀវភៅក្រហម និង iii/-ការងារពិនិត្យកិច្ចបញ្ជិកាគណនេយ្យ នៅតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជា។

របាយការណ៍ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ក្នុងឆ្នាំ២០១៨ អត្រានៃអ្នកដាក់ប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានជាង៦លាននាក់កើនឡើងចំនួន១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ ដោយឡែកសម្រាប់អ្នកខ្ចីប្រាក់ មានការកើនឡើងត្រឹមតែ២,៨៥លាននាក់ មានកំណើន៣ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៧។ ជាមួយនឹងការកើនឡើង ឥតឈប់ឈរនេះ វិស័យធនាគារក៏បានពង្រីកសាខា និងបណ្ដាញប្រតិបត្តិការ ជាបន្ដបន្ទាប់ដោយក្នុងនោះមានចំនួន២.១៦៤កន្លែង។ ចំណែកឯម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិកើនរហូតដល់១.៨០៤នៅទូទាំងប្រទេសកម្ពុជា។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ធនាគារជាតិបានប្រឹងប្រែង ធ្វើឲ្យវិស័យធនាគារមានការរីកចម្រើន ដោយធនាគារជាតិបានលើកម្ពស់បរិយាប័នហិរញ្ញវត្ថុ និងបង្ការហានីភ័យលើវិស័យធនាគារ ដើម្បីបន្ដគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាប័ន ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាថែមទៀតផង។

លោកបន្ដថា លទ្ធផលទាំងនេះបានស្ដែងពិសេស តាមរយៈកំណើននៃប្រាក់បញ្ញើឥណទាន និងការទូទាត់ក្នុងប្រព័ន្ធធនាគារ។ ទន្ទឹមនឹងនេះធនាគារជាតិនៃកម្ពុជា បានបន្ដតម្លាភាព ការប្រកួតប្រជែងស្មើភាព ការការពារអតិថិជន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសេចក្ដីព្រាងយុទ្ធសាស្រ្ដជាតិ ស្ដីពីបរិយាប័នហិរញ្ញវត្ថុកម្ពុជា ដែលសំដៅរួមចំណែកធានានិរន្ដភាព នៃកាវិវត្តវិស័យធនាគារ។

លោកបញ្ជាក់ថា គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យ បញ្ជូលការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព និងជំនឿទុកចិត្តលើសេវាហិរញ្ញវត្ថុ។

អគ្គទេសាភិបាលឲ្យដឹងថា ជាមួយគ្នានេះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា មានលំនឹងល្អប្រសើរ ដោយអត្រាអតិផរណាមានកម្រិតទាប អត្រាប្ដូរប្រាក់មានស្ថិរភាពតាមការគ្រោងទុក ហើយទុនបម្រុងអន្ដរជាតិក៏បានកើតឡើងជាលំដាប់ និងស្ថិតក្នុងកម្រិតខ្ពស់ស្មើនឹង៥ខែ នៃការនាំចូលទំនិញ និងសេវានៅឆ្នាំបន្ទាប់។

លោកបន្ដថា កំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយការបន្តហូរចូល នៃវិនិយោគផ្ទាល់បរទេស កំណើនខ្ពស់នៃការនាំចេញ និងភាពរឹងមាំនៃតម្រូវការ ក្នុងស្រុកគួបផ្សំនឹងការអនុវត្ត គោលនយោបាយសមស្រប​របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើនព្រមទាំងភាពអំណោយផលនៃ បរិយាកាសសេដ្ឋកិច្ចពិភពលោក និងតំបន់៕

អត្ថបទដែលជាប់ទាក់ទង