ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាល្បាតគយ ចំនួន២គ្រឿង​នឹងពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ និង បង្រ្កាបអំពើរត់គេចពន្ធ នៅក្នុងភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរ

62


ព្រះសីហនុ៖ អគ្គនាយកគយនិងរដ្ឋាករ បានបញ្ជាក់ថា ការបំពាក់នាវាល្បាតគយ ចំនួន២គ្រឿង ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាព ក្នុងការបង្ការទប់ស្កាត់ និង បង្រ្កាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏អាចចូលរួមក្នុងការ ពង្រឹងសន្តិសុខលំហរសមុទ្ទកម្ពុជាផងដែរ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា គណៈប្រតិភូជប៉ុន ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ ព្រមទាំង ស្ថាប័ន និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសរុបប្រមាណជាង៥០០នាក់ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនាវាល្បាតគយ ២ គ្រឿង និងពិធីអបអរសាទរទិវាគយអន្តរជាតិ។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ទន្ទឹមនឹងការអនុវត្តតួនាទី និងភារកិច្ចស្នូល ក្នុងការប្រមូលពន្ធ និងអាករចូលថវិកាជាតិ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា កំពុងបន្តសកម្មភាពកែទម្រង់ និងទំនើបកម្ម ដើម្បីឆ្លើយតបនឹងការវិវឌ្ឍ និងការអភិវឌ្ឍកាន់តែរីកចម្រើននៃសេដ្ឋកិច្ចវិនិយោគ និងពាណិជ្ជកម្ម ជាពិសេស ក្នុងបរិបទការធ្វើសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ក្នុងតំបន់ និងសកលលោក។ ការបំពាក់នាវាល្បាតគយ ចំនួន២គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាព ក្នុងការបង្ការទប់ស្កាត់ និង បង្រ្កាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្ទ និងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏អាចចូលរួមក្នុងការ ពង្រឹងសន្តិសុខលំហរសមុទ្ទកម្ពុជាផងដែរ ។ នាវាល្បាតនីមួយៗមានបំពាក់ប្រព័ន្ធរ៉ាដា វិទ្យុទាក់ទង កែវយឺត និងបរិក្ខារ ទំនើបៗ ដែលអាចបម្រើដល់ប្រតិបត្តិការលើផ្ទៃសមុទ្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ក្នុងឱកាសនោះដែរ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា អនុវត្តន៍តាមកិច្ចពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានដែលបានចុះ ហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាខែ មេសា ឆ្នាំ ២០១៨ កន្លងទៅ។ នេះជាលើកដំបូង ដែលអាជ្ញាធរគយជប៉ុន បានផ្តល់ជំនួយជានាវាល្បាត គយ មានទឹកប្រាក់សរុប ៤លាន៥សែនដុល្លាអាមេរិក ជូនរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា។

ជាមួយគ្នានេះ លោកឯអគ្គរដ្ឋទូតរំពឹងថា ការបំពាក់នាវាល្បាតគយ ចំនួន ២ គ្រឿងនេះ នឹងចូលរួមចំណែក ក្នុងការបង្ក្រាបការរត់ពន្ធនៅតាមដែន សមុទ្រ របស់រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា និងការគ្រប់គ្រងច្បាប់នាវាចរនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែម ទៀត។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះការផ្តល់ជំនួយដ៏សំខាន់នេះ។ លោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភដល់ការស្ដារ និង អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រួមទាំង ការចូលរួមចំណែកនាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដល់កម្ពុជាផងដែរ ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងថា នយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននាំមកជូនប្រទេសជាតិនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ដែលជាមូលដ្ឋានគ្រឹះ និងលក្ខខណ្ឌមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍប្រទេស។ កត្តាទាំងនេះបាននាំឱ្យកម្ពុជា សម្រេចបាននូវ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដោយជោគជ័យ ក្នុងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧ភាគរយ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ ហើយក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងមក។

ពាក់ព័ន្ធនឹងតួនាទីរបស់រដ្ឋាបាលគយ និងរដ្ឋាករកម្ពុជា ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ និងកម្មវិធី កែទម្រង់ និងទំនើបកម្មគយ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ចំណូលប្រមូលដោយរដ្ឋាបាលគយ និងរដ្ឋាករកម្ពុជា បានកើនឡើងទ្វេដង។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា រដ្ឋាបាលគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តកំណែទម្រង់ និងទំនើបកម្មបន្ថែមទៀត សំដៅពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន តាមរយៈការកសាងធនធាន មនុស្ស បំពាក់បរិក្ខារ និងមធ្យោបាយការងារ រួមទាំង ប្រព័ន្ធពត៌មានវិទ្យាឲ្យកាន់តែសកម្មថែមទៀត ដើម្បីឆ្លើយតបនឹង ការផ្លាស់ប្ដូរទម្រង់ និងអភិវឌ្ឍឥតឈប់ឈរនៃសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ក្នុងពិធីនោះ ក៏មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ ក្រោមប្រធានបទ និងពាក្យស្លោក ព្រំដែន វៃឆ្លាតសម្រាប់ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូន (SMART Borders for Seamless Trade, Travel and Transport) ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង