ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ចិន នៅតែបន្តជាមិត្តល្អ ជួយកម្ពុជាក្នុងគ្រាក្រលំបាក!

31

ភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ច ៤ថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសចិន រួមទាំងអ្នកវិនិយោគចិនផងដែរ។
ក្នុងនោះ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង គឺប្រមុខដឹកនាំកំពូលរបស់ចិន បានប្រកាសថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន ៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ២០២៣ ក្នុងនោះ ចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ប្រទេសចិន នឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន ស្មើប្រមាណជាង ៦០០ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
គេនៅចាំបានថា រាល់ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនម្តងៗ គិតចាប់ពីឆ្នាំ១៩៩៩ គឺក្រៅតែពីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន គឺសម្តេចតេជោ ហ៊ុនសែន តែងតែទទួលបានជំនួយ ជាកម្ចីសម្បទាន និងជាជំនួយឥតសំណង ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសផ្នែកផ្លូវ និងស្ពាន ជាដើម។

ក្រៅពីនោះ ក៏នៅមានកិច្ចព្រមព្រៀង អនុស្សារណៈជាច្រើនទៀត ដែលបានចុះហត្ថលេខា ដោយអនុញ្ញាតឲ្យអ្នកវិនិយោគចិន ចូលមកបោះទុនកាន់តែច្រើននៅកម្ពុជា។
ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ដោយចាប់ដៃជាមួយប្រធានាធិបតីចិន ៣ជំនាន់មកហើយ ពោលគឺចាប់ពីខែកុម្ភៈ ឆ្នាំ១៩៩៩ តាំងពីជំនាន់ប្រធានាធិបតីចិន លោក ចាង ហ្សេមិន ( Jiang Zemin) បន្តដល់ប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ ( Hu Jintao) នៅខែមេសា ឆ្នាំ២០០៤ រហូតដល់ជំនាន់លោក ស៊ី ជិនពីង (Xi Jinping ) កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ នៅឆ្នាំ២០១៨ និងចុងក្រោយ នៅថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នេះ។
នៅរាល់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលជួបពិភាក្សាជាមួយប្រធានាធិបតីចិន ទាំង ៣ ជំនាន់ ក៏ដូចជាជួបនាយករដ្ឋមន្ត្រីចិន និងថ្នាក់ដឹកនាំកំពូលៗរបស់ចិន គឺសម្តេចតេជោ ហ៊ុន សែន ក្រៅពីទទួលបាននូវការពិភាក្សាដ៏ស្និទ្ធស្នាល ស្មើមុខស្មើមាត់ជាមួយភាគីចិន កម្ពុជាក៏ទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់អភិវឌ្ឍប្រទេស ព្រមទាំងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយ និងទាក់ទាញអ្នកវិនិយោគចិន មកកាន់កម្ពុជាកាន់តែច្រើន។
ក្នុងនោះ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនរបស់សម្តេចតេជោ ហ៊ុនសែន ពីថ្ងៃទី០៩-១២ ខែកុម្ភៈ ឆ្នាំ ១៩៩៩ កម្ពុជា ទទួលបានប្រាក់កម្ចីសម្បទានពីចិន ២០០លានដុល្លារ ហើយចិន ក៏បានផ្តល់ជំនួយបន្ថែមដល់កម្ពុជា ១៨,៣លានដុល្លារថែមទៀត។
ក្នុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បានជួបជាមួយប្រធានាធិបតីចិន លោក Hu Jintao ក្នុងពេលសម្តេច ចូលរួមវេទិកាសេដ្ឋកិច្ច Boao។ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងទ្វេភាគី ចំនួន ១៦។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ច នៅក្រុងប៉េកាំង ពីថ្ងៃទី ១៣-១៧ ខែធ្នូ ឆ្នាំ២០១០ ដោយសម្តេចបានជួបនាយករដ្ឋមន្រ្តីចិន លោក Wen Jaibao។ មេដឹកនាំទាំង២ បានឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី ដល់ ២៥០០ លានដុល្លារ នៅត្រឹមឆ្នាំ២០១៥។ ចិន ក៏បានត្រៀមខ្លួនពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងហិរញ្ញវត្ថុ និងការបន្តផ្តល់ជំនួយមកកម្ពុជា។
ដោយឡែក ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុនសែន ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានជួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ( Li Keqiang) បន្ទាប់ពីសម្តេច ចូលរួមវេទិកា Boao សម្រាប់សន្និសីទតំបន់អាស៊ី ប្រចាំឆ្នាំ២០១៣ នៅខេត្តហៃណាន់។ មេដឹកនាំកម្ពុជា-ចិន បានជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យបាន ៥០០០ លានដុល្លារ នៅត្រឹមឆ្នាំ២០១៧។

នៅក្នុងខែតុលា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលសម្តេច ចូលរួមវេទិកាសេដ្ឋកិច្ចទេសចរណ៍សកល នៅប្រទេសចិន។ ក្នុងជំនួបនោះ ភាគីចិន បានសន្យានាំចូលអង្ករ ១០ម៉ឺនតោន ក្នុងមួយឆ្នាំពីកម្ពុជា និងផ្តល់ជំនួយជាង ១៥៧លានដុល្លារ មកកម្ពុជា។
ចំណែកកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានជួបលោក លី ខឺឈាង ( Li Keqiang) នាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលសម្តេច ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្រុងប៉េកាំង។ មេដឹកនាំទាំង២ ក៏បានធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ អនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន។
នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន លើកនេះ ក៏មិនខុសពីលើកមុនៗដែរ។ នោះគឺលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង គឺចិនបានផ្តល់ជំនួយដល់កម្ពុជាជាង ៦០០ លានដុល្លារ ព្រមទាំងចិនសន្យាទិញអង្ករកម្ពុជា ឲ្យបានប្រមាណ ៤០ម៉ឺនតោន នៅឆ្នាំ២០១៩ នេះ។ ជំនួយជាង ៦០០លានដុល្លារ និងការសន្យាទិញអង្ករកម្ពុជា ៤០ម៉ឺនតោន នៅឆ្នាំ២០១៩ នេះ គឺជាការជួយកម្ពុជា ក្នុងគ្រាកម្ពុជាជួបការលំបាក ដែលកម្ពុជាត្រូវការបន្តការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ហើយជាពិសេសនៅពេលនេះ អឺរ៉ុប បានសម្រេចយកពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
ជាងនេះទៅទៀត ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ដែលចូលរួមពីថ្នាក់ដឹកនាំពាណិជ្ជកម្មចិន អ្នកធុរកិច្ច និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ ៧០០នាក់ នាថ្ងៃទី២២ ខែមករា នៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់អ្នកវិនិយោគចិន ឲ្យបន្តចូលមកបណ្តាក់ទុននៅកម្ពុជា ព្រោះកម្ពុជាបានដាក់ចេញនូវគោលនយោបាយផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែប ជូនដល់ធុរជន និងអ្នកវិនិយោគិនចិន ទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ។
សរុបទៅ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប៉េកាំង ប្រទេសចិន លើកនេះ គឺសម្តេច បាននាំមកជូនជាតិនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់មហាមិត្តចិន និងការស្រោចស្រង់ទីផ្សារអង្ករកម្ពុជា តាមរយៈការបង្វែរទីផ្សារពីអឺរ៉ុប ទៅទីផ្សារប្រទេសចិន។ ចិន ដែលបានផ្តល់ជំនួយដល់កម្ពុជាកន្លងមក មិនភ្ជាប់លក្ខខណ្ឌ ដូចបណ្តាប្រទេសលោកខាងលិច មានអឺរ៉ុប និងអាមេរិក ជាដើមនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង