ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគនយោបាយ ៖ ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន គួរតែមានអ្វីលើសពីនេះ!

114


ភ្នំពេញ៖៣ឆ្នាំហើយ គិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ បន្តដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានរាប់ពាន់នាក់ បានជួបជាមួយសម្តេច មួយឆ្នាំម្តង។ ប៉ុន្តែក្នុងពិធីជួបជុំទាំង ៣លើក គឺអ្នកកាសែតបានត្រឹមតែចាប់ដៃ ថតរូបសែលហ្វី ស្តាប់ប្រសាសន៍របស់សម្តេច ដែលមានទាំងសរសើរផង និងមានទាំងស្តីឲ្យផង ហើយចុងក្រោយ ថតរូបជុំគ្នាជាមួយសម្តេច និងទទួលទានអាហារសាមគ្គី ចប់។
ជាការពិតហើយ ការអនុញ្ញាតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីឲ្យអ្នកកាសែតរាប់ពាន់នាក់ មិនថាខ្មែរ ឬបរទេសទេស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា មានឱកាសចូលជួបសម្តេចតេជោ ហ៊ុន សែន ដូចករណីគ្រូបង្រៀន កីឡាករ សិល្បករ និងកម្មករកាត់ដេរ ជាដើម មានឱកាសជួបជាមួយសម្តេច ជាប្រចាំ រៀងរាល់ឆ្នាំ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើអ្នកសារព័ត៌មាន ក៏ដូចជាពីការលើកកម្ពស់សេរីភាពសារព័ត៌មាន នៅកម្ពុជា។
ក៏ប៉ុន្តែក្រោយពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន គួរតែបំពេញគ្នាទៅវិញទៅមក។ នោះគឺអ្នកកាសែត ពិសេសអ្នកកាសែតសហគមន៍ មកពីតាមបណ្តាខេត្តនានា និងអ្នកកាសែត ដែលមិនមានឯកឧត្តមឧកញ៉ាណាជួយឧបត្ថម្ភគាំទ្រ គួរតែត្រូវបានរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានយកចិត្តទុកដាក់។ នោះគឺអ្នកកាសែតប្រភេទនេះ មានជីវភាពទីទាល់ក្រ ហើយមិនត្រឹមតែក្រទ្រព្យធនទេ គឺក្រទាំងចំណេះ និងក្រទាំងវិជ្ជាជីវៈជាអ្នកសារព័ត៌មានទៅទៀត។
ក្រុមអ្នកកាសែតមួយចំនួន មិនទាំងស្គាល់វិជ្ជាជីវៈសារព័ត៌មានហ្នឹង ស្អីគេផង។ គ្នាចូលធ្វើកាសែត តាមឪពុកតាមម្តាយ តាមបងប្អូន តាមឪពុកមា ហើយក៏ដើរយកព័ត៌មាន ទាំងអ្នកខ្លះ ធ្វើការដោយមិនមានប្រាក់ខែទៅទៀត។
ដោយសារតែខ្វះចំណេះដឹង ផ្នែកសារព័ត៌មាន ហើយមិនមានប្រាក់ខែ ពីស្ថាប័នកាសែតនេះហើយ នាំឲ្យអ្នកកាសែតមួយចំនួន ប្រព្រឹត្តអំពើប្រាសចាកក្រមសីលធម៌ ទៅជាយកការងារកាសែត ធ្វើជាមុខរបរ រហូតដល់ដើរគោះលុយគេ ផ្តេសផ្តាស់ ក៏ត្រូវគេចាប់ខ្លួនក៏មាន។
ជាងនេះទៅទៀត គួរឲ្យអនិច្ចាមែនទែន គឺនៅពេលដែលមានកម្មវិធីជួបសម្តេចម្តងៗ អ្នកកាសែត ដែលមានជីវភាពពុំធូរធារ និងជាអ្នកកាសែតនៅតាមខេត្ត សហគមន៍មួយចំនួន ខ្ចីអាវធំក្រវាត់កគេ ហើយមានអ្នកខ្លះ រហូតដល់ជួលអាវគេពាក់ ស្បែកជើងប៊ូ ដើម្បីតឺនុយ ចូលរួមកម្មវិធីជួបជុំជាមួយនាយករដ្ឋមន្ត្រី។
អ្នកកាសែតខ្លះទៀត ធ្លាក់ខ្លួនឈឺ ក្នុងពេលបំពេញវិជ្ជាជីវៈការងារ ក្នុងនាមជាអ្នកកាសែត នៅវិស័យឯកជន ក៏ដូចជា នៅក្នុងស្ថាប័នរដ្ឋ។ មានច្រើននាក់ហើយ អ្នកកាសែតធ្លាក់ខ្លួនពិការ ងាប់មួយចំហៀងខ្លួន ដោយសារតែជំងឺលើសឈាម និងជំងឺមហារីក ខូចក្រលៀន ជាដើម។ អ្នកកាសែតប្រភេទនោះ បានតស៊ូនឹងជីវភាពលំបាក ទម្រាំតែអស់ជីវិត។
ខុសស្រឡះពីអ្នកកាសែតស្រុកស្រែ គឺអ្នកកាសែតមួយចំនួន នៅស្ថាប័នធំៗ ពិសេសអ្នកកាសែត ដែលចេះអែបចេះអប សរសើរ លើកជើង គឺមានជីវភាពហ៊ឺហារ ជិះឡានទំនើបៗ ហើយមានអ្នកកាសែតខ្លះ បានឡើងតំណែងបុណ្យស័ក្តិថែមទៀតផង។
ក្រោយចេញពីប្រជុំ មន្ត្រីរាជរដ្ឋាភិបាល ពិសេសមន្ត្រីថ្នាក់ក្រោមជាតិ នៅតាមរាជធានីខេត្តខ្លះ មិនទទួលស្គាល់រឿងពិត គឺនៅពេលអ្នកកាសែត ចុះផ្សាយដំណឹងពិត ពីការកាប់ឈើ ពីការលួចដឹកឈើ ឬក៏ការរំលោភបំពានយកដីរដ្ឋ ចាក់ដីលុបបឹង សមុទ្រ ជាដើម បែរជាអាជ្ញាធរចាប់ខ្លួនអ្នកកាសែត ក៏មាន ដោយសារអ្នករកស៊ីឈើ និងអ្នករកស៊ីដីទាំងនោះ មានអ្នកធំនៅពីក្រោយ។
សរុបមក ក្រោយពិធីជួបជុំ ៣លើក រវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន គេសង្ឃឹមថា នឹងមានការប្រែប្រួល ច្រើនជាងការជួបជុំ ចាប់ដៃ ថតរូបសែលហ្វី ដើម្បីបង្ហោះហ្វេសប៊ុក អង្គុយស្តាប់ពាក្យសរសើរ និងពាក្យស្តីបន្ទោស ព្រមទាំងទទួលទានបាយសាមគ្គីមួយពេល។ ពោលគឺដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសក្នុងពិធីជួបជុំ លើកទី៣ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយមាន ៨ ចំណុច រួមមាន៖
១-អ្នកសារព័ត៌មាន ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គម
២-អ្នកសារព័ត៌មាន ត្រូវបន្តធ្វើជាស្ពានចម្លងរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
៣-រិះគន់ស្ថាបនា ទាំងគោលនយោបាយ ស្ថាប័ន និងបុគ្គល
៤-ចូលរួមវិភាគក្នុងកម្រិតយុទ្ធសាស្ត្រជាតិ តំបន់ និងអន្តរជាតិ
៥-អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ បង្កើនសមត្ថភាព
៦-ខិតខំលុបបំបាត់ក្រុមព័ត៌មាន ដែលជំរិតទារប្រាក់
៧-ចូលរួមប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ
៨-អ្នកសារព័ត៌មាន ត្រូវបង្កើនធនធានមនុស្ស ហើយដើរឲ្យទាន់ទំនើបកម្មនៃបច្ចេកវិទ្យា
ដើម្បីសម្រេចបាននូវសំណូមពរទាំង ៨ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ គឺរដ្ឋាភិបាល ពិសេសក្រសួងព័ត៌មាន សមាគមក្លិបសហព័ន្ធអ្នកកាសែត រួមទាំងស្ថាប័នកាសែត ដែលមានធនធាន និងលទ្ធភាព ត្រូវតែគិតគូរ ដាក់ចេញជាផែនការ និងការងារអនុវត្ត ហើយបណ្តុះបណ្តាលធនធានអ្នកកាសែត ព្រោះថា មួយរយៈចុងក្រោយនេះ វគ្គបណ្តុះបណ្តាលអ្នកកាសែត ហាក់ដូចជាស្ងាត់។ ស្ងាត់ទាំងអង្គការសមាគមក្លិបសហព័ន្ធអ្នកកាសែត ហើយក្រសួងព័ត៌មាន ក៏ស្ងាត់ លែងឃើញមានវគ្គបណ្តុះបណ្តាលដល់អ្នកកាសែតទៀតហើយ។
អង្គភាពសារព័ត៌មាន មិនថា កាសែតបោះពុម្ព ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ ក៏ដូចជា គេហទំព័រទេ ក៏គួរតែគិតគូឡើងវិញ ពីប្រាក់ខែសម្រាប់អ្នកកាសែត ឲ្យគ្នារស់បានសមរម្យ ព្រោះថា ពេលនេះ ទំនិញឡើងថ្លៃ ការចំណាយក៏កើន តែប្រាក់ខែអ្នកកាសែតនៅដដែល ហើយខ្លះមិនទាំងមានប្រាក់ខែថែមទៀត។
ជាមួយគ្នានោះ សុខភាពរបស់អ្នកកាសែត ក៏ត្រូវគិតគូរដែរ។ ការងារក៏ត្រូវមានពេលឈប់សម្រាក ហើយក៏ត្រូវមានធានារ៉ាប់រងសម្រាប់អ្នកកាសែត ដែលយ៉ាងហោចណាស់ ក៏មានប.ស.ស សម្រាប់អ្នកកាសែត ពេលឈឺស្កាត់ ឬក៏ជួបគ្រោះថ្នាក់ដោយចៃដន្យណាមួយដែរ៕

អត្ថបទដែលជាប់ទាក់ទង