ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែ បច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) នៅរមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ

43


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែ បច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) ដើម្បីបម្រើសេវាអ៊ីនធឺណិតល្បឿនលឿន និងសេវាកម្ម Online ផ្សេងទៀត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប​។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សា អំពីគម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែ បច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) រសៀលថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ថា ល្បឿនអ៊ីនធឺណិត ដែលផ្ដល់ដោយប្រព័ន្ធបច្ចេកវិទ្យាគ្មានខ្សែជំនាន់ទី៥ (5G WiFi) គឺមានល្បឿនប្រមាណជា ២០ជីហ្គាប៊ីតក្នុងមួយវិនាទី មានសមត្ថភាពតភ្ជាប់ខ្ពស់ ជាងបច្ចេកវិទ្យាជំនាន់ទី៤ ដល់ទៅ៥០០ដង (ក្នុងរង្វង់២០គីឡូម៉ែត្រការ៉េ ភ្ជាប់បាន១លានឧបករណ៍) និងល្បឿនរលកសញ្ញាតភ្ជាប់គឺ១មីលីវិនាទី។

លោករដ្ឋមន្រ្តី បានបន្ថែមថា គម្រោងប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) នេះ គឺជាផ្នែកមួយក្នុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីជំរុញការផ្ដល់សេវា របស់រាជរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលនឹងចូលរួមចំណែក លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបាន ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ការបំពាក់ឧបករណ៍ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi)នេះ នឹងមិនធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាព បរិស្ថាន និងមិនមានការជីកគាស់ ឬសាងសង់អ្វីបន្ថែមនៅក្នុងតំបន់រមណីយដ្ឋាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង