ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-វៀតណាម ចេញសេចក្តីប្រកាសរួម ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន

53


ភ្នំពេញ៖កិច្ចប្រជុំលើកទី១០ ស្តីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយលោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលភាគីទាំងពីរបានចេញ សេចក្តីប្រកាសរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យ កាន់តែរឹងមាំបន្ថែមទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៩-១០ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។

កម្ពុជា និងវៀតណាម បានចេញសេចក្តីប្រកាសរួមស្តីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនដូចខាងក្រោម៖
ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់ នៃការថែរក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការ បណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនង ក្នុងលក្ខណៈជាភូមិផងល្អ ប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរ យូរអង្វែង រវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ ដំណើរទស្សកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បណ្តាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ កសាងក្របខ័ណ្ឌច្បាប់យ៉ាងសកម្ម និងដំណើរការគ្រប់យន្តការសហប្រតិបត្តិការនានា សំដៅបង្កលក្ខណងាយស្រួល ដល់កិច្ចសហប្រតិបត្តិការរបស់ខេត្តជាប់ព្រំដែន ស្របទៅតាមទិសដៅដែលដាក់ ចេញនាកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ អំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិក្នុងការថែ រក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ និងគូសបញ្ជាក់សារជាថ្មីថា មិន អនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្កអន្តរាយដល់សន្តិ សុខជាតិ និងស្ថិរភាពរបស់ប្រទេសម្ខាងទៀតឡើយ។ ភាគីទាំងពីរស្វាគមន៍យល់ព្រមដំឡើងកម្រិតច្រកទ្វាព្រំដែនម៉ឺនជ័យ (ខេត្តព្រៃវែង) តឹនណាម (ខេត្តតៃនិញ) ទៅជាច្រកទ្វាព្រំដែនអន្តរជាតិ និងសម្រេចឲ្យបានឆាប់ នូវកិច្ចការត្រៀមរៀបចំនានា ដើម្បីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលវេលាសមស្រប ក៏ដូចជាការបញ្ចប់បែបបទ ដំឡើងកម្រិតច្រកទ្វារ តំបន់ព្រំដែនបុសមន (ខេត្តស្វាយរៀង)- ភឿកតឺន(ខេត្តតៃនិញ) ទៅជាច្រកទ្វារព្រំដែនទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាព ជំរុញកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនផងដែរ។ ភាគីទាំងពីរបានឯកភាព ដាក់ចេញនូវទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ ចំពោះវិស័យសុខាភិបាល ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ លើលទ្ធផលកិច្ចសហប្រតិបត្តិការក្នុង រយៈពេលកន្លងមក។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លទ្ធផល កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងឃោសនារ។ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង