ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនថៃ បង្កើតរោងចក្រកែច្នៃដំឡូងមី ២០០០០០តោន នៅកម្ពុជា

29


ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ លោក Ho Ren Hua នាយកក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅឯទីស្តីក្រសួង។

លោកនាយកក្រុមហ៊ុន បានថ្លែងថា ក្រុមហ៊ុនមានប្រភពមកពីប្រទេសថៃ និងបានបោះទុនវិនិយោគ លើវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ដោយក្រុមហ៊ុនបានទទួលគោលការណ៍ បង្កើតរោងចក្រកែច្នៃដំឡូងមី ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាំងពីចុងឆ្នាំ២០១៧ មកម៉្លេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបញ្ចប់ការសាងសង់រោងចក្រ និងត្រៀមលក្ខណៈ ក្នុងការដំណើរការកែច្នៃ ក្នុងពេលឆាប់ៗខាងមុខ។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងពង្រីកការកែច្នៃដំឡូងមីពី ៤០០០០ ទៅ ៥០០០០តោន និងបង្កើនការកែច្នៃរហូតដល់ ២០០ ០០០តោន នៅពេលអនាគត។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏មានគម្រោងបង្កើតចម្ការ និងដាំដំឡូងមី នៅលើផ្ទៃដីចំនួន ៤ ០០០ហិកតា នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយខ្លួនឯង ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសាទរចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគ នៅកម្ពុជា ហើយ លោករដ្ឋមន្រ្តី ក៏សូមគាំទ្រដល់ការបង្កើតចម្ការ និងដាំដំឡូងមី នៅកម្ពុជាផងដែរ។ លោករដ្ឋមន្រ្តី បានណែនាំក្រុមហ៊ុន ឱ្យអនុវត្តនូវផលិតផកម្មតាមកិច្ចសន្យា ដោយធ្វើការកំណត់ទីតាំងដាំដុះ ដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមី ទន្ទឹមនឹងនេះបណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ ក៏មានសក្តានុពល សម្រាប់ដំណាំនេះផងដែរ។ ជាចុងក្រោយ លោករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុន បន្តសហការជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីពិភាក្សាពីនីតិវិធីនានា ក្នុងការគាំទ្រដល់ការវិនិយោគនេះ ទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង