ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ នៅពេលអត់ទាន់មានកង់ សុំត្រឹមតែកង់ ដល់បានកង់ ចង់បានម៉ូតូ…!

83


ភ្នំពេញ៖សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយ អតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការ ហាមឃាត់សិទ្ធិធ្វើនយោបាយ អាចមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ គឺកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ សេចក្តីស្នើច្បាប់នេះ បានត្រូវបានព្រឹទ្ធសភា ប្រជុំបោះឆ្នោតអនុម័ត។
មុនទូលថ្វាយព្រះមហាក្សត្រ ឡាយព្រហស្ថលេខា ប្រកាសឲ្យប្រើ សេចក្តីស្នើច្បាប់នេះ ត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាព។ ពោលគឺមិនយូរទេ ការកែប្រែច្បាប់គណបក្សនយោបាយនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ហើយ។
តាមការកែប្រែច្បាប់ថ្មីនេះ គឺព្រះមហាក្សត្រ អាចសម្រេចឲ្យបុគ្គល ដែលជាប់បម្រាមរបស់តុលាការ អាចធ្វើនយោបាយឡើងវិញ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយ រហូតដល់បំណាច់ខែធ្នូនេះ គេឃើញអតីតអ្នកនយោបាយមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិ ក្នុងចំណោម ១១៨នាក់ បានបង្ហាញជំហរត្រៀមរៀបចំសរសេរលិខិត ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលច្បាប់ថ្មីនេះ ចូលជាធរមាន។
ក្នុងនោះ លោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា ដែលស្ថិតក្នុងចំណោមអ្នកនយោបាយ ១១៨នាក់ របស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលតុលាការ បានហាមឃាត់សិទ្ធិធ្វើនយោបាយ ៥ឆ្នាំនោះ បានប្រកាស ត្រៀមខ្លួន ធ្វើសំណើ សុំទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ។
រីឯអ្នកនយោបាយមួយចំនួន ដែលគាំទ្រលោក កឹម សុខា រួមទាំងលោក កឹម សុខា ក៏បានបង្ហាញជំហរ ទាមទារឲ្យតុលាការ ទម្លាក់ចោលបទចោទប្រកាន់លើលោកកឹមសុខា ទើបពួកគេ សរសេរលិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ដោយឡែក អ្នកស្និទ្ធិនឹងលោក សម រង្ស៊ី មួយចំនួន បានប្រកាស មិនទទួលយកសិទ្ធិធ្វើនយោបាយនេះទេ។ តួយ៉ាងលោកអេងឆៃអ៊ាង ជាដើម។
យ៉ាងណាក៏ដោយចុះ ជំហររបស់លោកកឹមសុខា និងអ្នកគាំទ្រលោកមួយចំនួន ដែលទាមទារឲ្យតុលាការ ទម្លាក់ចោលបទចោទប្រកាន់លើរូបលោក កឹមសុខា ពីបទក្បត់ជាតិនោះ គឺប្រៀបដូចនឹងមនុស្សលោភលន់ ពោលគឺ កាលពីមិនទាន់មានកង់ បុរសកម្សត់នោះ សុំត្រឹមតែមានកង់កញ្ចាស់១បានហើយ។ តែនៅពេលមានកង់ហើយ បែរជាបុរសយើង ចង់បានម៉ូតូថែមទៀត។ ចុះបើនៅពេលបានម៉ូតូហើយនោះ ទៅថ្ងៃមុខ ច្បាស់ជាបុរសនោះ ចង់បានឡាន ហើយពេលមានឡាន គឺនឹងរកឡានទំនើបៗ បន្តបន្ទាប់ តាមអំណាចចិត្តលោភលន់របស់ខ្លួន ជាមិនខាន។
ដូច្នេះសម្រាប់ពេលនេះ ក្រុមអ្នកគាំទ្រលោកកឹមសុខា និងលោកកឹមសុខា គួរតែរក្សាភាពស្ងៀមស្ងាត់ ហើយទទួលយកតាមដំណាក់កាលៗ ដោយមុនដំបូង គឺសិទ្ធិធ្វើនយោបាយឡើងវិញសិន មុននឹងស្នើសុំបន្តដល់ការទម្លាក់ចោលបទចោទប្រកាន់លោកកឹមសុខា ពីទោសក្បត់ជាតិ។
រីឯក្រុមអ្នកដើរតាមលោកសមរង្ស៊ីវិញ ក៏គួរតែភ្ញាក់ដឹងខ្លួន ដូចខ្មោច៧ថ្ងៃ ព្រោះថា អ្នកនយោបាយ ដែលដើរតាម និងស្មោះស្ម័គ្រជាមួយលោកសមរង្ស៊ី មិនមានវាសនាល្អប៉ុន្មានទេ។ នោះគឺអ្នកខ្លះត្រូវគេប្តឹង ចាប់ដាក់គុក ព្រោះទង្វើ និងមាត់ឥតគម្រប អ្នកខ្លះរត់ចោលស្រុកព្រោះតែចង់តាមលោកប្រធានសមរង្ស៊ី ហើយអ្នកនយោបាយខ្លះទៀត ក៏បានឈឺស្លាប់ បន្ទាប់ពីជាប់ពន្ធនាគារ ដូចករណីលោកជាមចន្នី ជាដើម។
លោកជាមចន្នី កាលពីសម័យក្រោយការបោះឆ្នោតឆ្នាំ២០០៣ ក្រោមនយោបាយបង្កើតរដ្ឋាភិបាលស្រមោល របស់លោកសមរង្ស៊ី គឺលោកជាមចន្នី ត្រូវបានដាក់គុកអស់ជាច្រើនឆ្នាំ ខណៈដែលលោកប្រធានសមរង្ស៊ី នៅពេលមានរឿង ក៏រត់ចោលលោកជាមចន្នី ទៅស្រុកបារាំងបាត់។
ដោយឈឺចិត្ត និងមានជំងឺប្រចាំកាយផង លោកជាមចន្នី ទីបំផុត ក៏បានស្លាប់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ព្រោះតែជំងឺមហារីក។ រីឯលោកប្រធានសមរង្ស៊ី មានសេរីភាពយ៉ាងសប្បាយ នៅលើទឹកដីបារាំង ដែលលោក មានសញ្ជាតិបារាំងនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង