ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រីម្នាក់នាំកូន ទៅមុខវាំង បោះពោតឲ្យព្រាបស៊ី ត្រូវសន្តិសុខខណ្ឌដូនពេញ ផាកពិន័យអស់ ២ម៉ឺនរៀល

75


ភ្នំពេញ៖ ស្រ្តីម្នាក់បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្លួនគ្រាន់តែទិញពោត ទៅបោះឱ្យព្រាប នៅមុខវាំង ត្រូវសន្ដិសុខខណ្ឌផាកពិន័យអស់២ម៉ឺនរៀល ដោយចោទថា បោះគ្រាប់ពោត ជាការបោះចោលសំរាម ។

មានគណនីហ្វេសប៊ុកមួយឈ្មោះ RothAngle បានបញ្ជាក់ថា “មកបោះពោតមុខវាំងឲ្យព្រាបស៊ីសោះ គេថាជាករណីចោលសំរាម ផាកអស់២០.០០០រៀល​អត់ដឹងថាគេចេញច្បាប់ថ្មីអីចឹងសោះ សំខាន់ក្នុងក្រដាសផាកពិន័យគេថា (មួយម៉ឺនរៀលគត់) តែយក២០.០០០រៀល អត់យល់ទេ ដល់អីចឹង? ជួយ share ផង ក្រែងបងប្អូនណា មានបំណងចង់ទៅបោះពោតមុខ
វាំងអី ប្រយ័ត្នត្រូវគេផាកដូចខ្ញុំ (មិនមែនមានពេលអង្គុយសរសេរទេ តែលោកសនិ្តសុខគាត់ផ្ដាំ ឲ្យជួយប្រាប់តៗគ្នា) អីចឹងមានតែផុស facebook ឲ្យគេដឹងផង”។

បន្ទាប់ពីស្រ្តីរូបនោះ បានសរសេរអំពីដំណើររឿងសមត្ថកិច្ចខណ្ឌដូនពេញ ផាកពិន័យរឿងបោះគ្រាប់ពោត ឲ្យព្រាបស៊ី ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនេះពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន និងមានការចាប់អារម្មណ៍ ហើយថារឿងនេះពិតជាប្លែកមែនទែន ព្រោះពួកគេទៅបោះរាល់ដង មិនដែលជួបរឿងនេះទេ។ ហើយក៏មិនដែលបានជួបសន្ដិសុខខណ្ឌដូនពេញ ដើរមើលនិងផាកពិន័យអីចឹងដែរ។ រឿងមួយទៀត ដែលកាន់តែភ្ញាក់ផ្អើលនោះ គឺក្នុងក្រដាសដាក់១ម៉ឺនរៀល ដល់ពេលផាកមែនទែន បែរជាទារដល់២ម៉ឺនរៀលទៅវិញ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៨នេះ បានសរសេរលើផេកហ្វេសប៊ុកថា ក្រោយពីទទួលបានព័ត៌មាន ពីផេកហ្វេសប៊ុកឈ្មោះ Angkor Post និងគណនី ហ្វេសប៊ុកឈ្មោះ Roth Angle អំពីការផាកពិន័យស្ត្រីម្នាក់ ដែលបានបោះចំណីព្រាប នៅខាងមុខព្រះបរមរាជវាំង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌ សូមបញ្ជាក់ជូនដូចខាងក្រោម៖ យោងអនុក្រឹត្យលេខ ១១៣អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រាជរដ្ឋាភិបាលកម្ពុជា មាត្រា ៤២ វាក្យខ័ណ្ឌទី១ ចែងថា៖
បុគ្គលដែលបោះចោលសំរាម សំណល់រឹង ទីប្រជុំជន នៅលើទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា ២០ នៃអនុក្រឹត្យនេះ ត្រូវទទួលការផាកពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖
– ចំនួន ២០.០០០ (ពីរម៉ឺន)រៀល ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ និងត្រូវប្រមូលសម្អាតយកទៅដាក់ធុងសំរាមសាធារណៈ ។ ….. ដូច្នេះ ឈ្មោះ ដា រី ត្រូវបានផាកពិន័យ លើករណីចោលសំរាម ជាទឹកប្រាក់ចំនួន ២០.០០០រៀល (ពីរម៉ឺនរៀលគត់) ដោយចេញប័ណ្ណផាកពិន័យជូនគាត់ចំនួន ២សន្លឹក ដូចមានក្នុងរូបបញ្ជាក់ ។ បន្ថែមពីលើនេះ រដ្ឋបាលខណ្ឌដូនពេញ បាននិងកំពុងអនុវត្តច្បាប់ ដោយធ្វើការផាកពិន័យ ចំពោះជនណា ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយក្នុងករណី មានការរឹងរូស មិនគោរពតាមការណែនាំទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការច្បាប់ ដោយមិនលើកលែងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង