ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ៧ ចំណុច ដែលត្រូវយកចិត្តទុកដាក់ ជៀសវាងឲ្យបាន ក្នុងពេលបុណ្យអុំទូក!

144


ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ នៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ មនុស្សប្រមាណជាង ២លាននាក់ ត្រូវបានគេរំពឹងថា នឹងមកចូលរួមទស្សនាសប្បាយកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ។
ជាមួយនឹងកំណើនប្រជាជនដ៏ច្រើននេះ មានចំណុច ៧យ៉ាង ដែលប្រជាពលរដ្ឋយើង ត្រូវជៀសវាងឲ្យបាន ដើម្បីកុំឲ្យ “សប្បាយ ក្លាយជាទុក្ខ” ក្នុងអំឡុងពេលបុណ្យអុំទូកនេះ។
ទី១-ចំពោះកីឡាករកីឡាការិនី អ្នកអុំ អ្នកចែវទូកង ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្រែងលង់ទឹកស្លាប់។ នោះគឺហេតុការណ៍គ្រោះថ្នាក់ទូកងបុកគ្នា ឬក៏ទូកង បុកទូកចម្លង លិចក្រោមកប៉ាល់ធំៗ ឬបុកទូកទេសចរណ៍ ជាដើម ដែលនាំឲ្យមានបញ្ហាដល់អ្នកអុំទូក ដូចរៀងរាល់ឆ្នាំ។ ក្នុងនោះ ជាពិសេសកីឡាករអុំទូក ត្រូវតែចេះហែលទឹក ហើយមិនផឹកស្រាស្រវឹង នៅពេលចុះអុំទូកឡើយ។
រីឯកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវពង្រាយកម្លាំង រង់ចាំជួយសង្គ្រោះ បើសិនជាមានទូកងលិចដោយប្រការណាមួយ ពេលអុំសាក ឬអុំប្រណាំង។ ជាងនេះទៅទៀត គណៈកម្មការទូកងនីមួយៗ ត្រូវពិនិត្យកម្លាំងចំណុះទូកឲ្យច្បាស់ មុននឹងអនុញ្ញាតឲ្យឡើងទូកង ចុះអុំចែវ ហើយត្រូវតែជាអ្នកចេះហែលទឹក មិនស្រវឹង និងបើអាចត្រូវពាក់អាវពោងការពារសុវត្ថិភាព។
ទី២-ប្រយ័ត្នវង្វេងបាត់កូនចៅ។ មនុស្សច្រើនក្នុងពេលបុណ្យអុំទូកនេះ អ្នកនាំកូននាំចៅទៅលេងបុណ្យអុំទូក ត្រូវប្រយ័ត្នប្រយែងកូនចៅ ក្រែងវង្វេងបាត់ ឬក៏កូនរត់លេងភ្លេចខ្លួន ធ្លាក់ទឹក ឬក៏គ្រោះថ្នាក់ដោយប្រការណាមួយ។ គេអាចកត់លេខទូរស័ព្ទឪពុកម្តាយអាណាព្យាបាល ពាក់ជាប់កកូនចៅ ហើយកាន់ដៃឬពរកូនជាប់ជានិច្ច ពេលចូលក្នុងចំណោមមនុស្សច្រើន។
ទី៣-ប្រយ័ត្នចោរ។ របរគ្រឿងអលង្ការ ខ្សែកខ្សែដៃ ទូរស័ព្ទ កាបូបលុយ ជាដើម ត្រូវតែប្រុងប្រយ័ត្ន ព្រោះមនុស្សច្រើន ដើរប្រជ្រៀតគ្នា តែងតែមានជនឆ្លៀតឱកាសបន្លំលួចឆក់។ ដូច្នេះត្រូវការពារ ប្រសើរជាងព្យាបាល។
ទី៤-ប្រយ័ត្នផ្អើលរត់ជាន់គ្នាស្លាប់! មនុស្សដើរលេងច្រើន ប្រជ្រៀតគ្នា ក្នុងអំឡុងពេលបុណ្យអុំទូកម្តងៗ។ ដូច្នេះប្រជាពលរដ្ឋយើង ត្រូវមានស្មារតីប្រុងប្រយ័ត្ន ហើយអាជ្ញាធរសមត្ថកិច្ច ក៏ត្រូវបង្កើតកិច្ចការពារ កុំឲ្យកើតមានហេតុការណ៍ផ្អើលរត់ជាន់គ្នាស្លាប់ ដូចព្រឹត្តិការណ៍ កាលពីយប់ថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៅស្ពានកោះពេជ្រ ដែលនាំឲ្យមនុស្សប្រមាណជាង ៣៥០នាក់ស្លាប់ និងជាង ៧០០ នាក់ រងរបួស។ បើមនុស្សច្រើនកកុញ ចូរកុំប្រជៀតដើរទៅមុខទៀត ត្រូវរកផ្លូវផ្សេង និងកុំផ្អើលតាមគ្នា។
ទី៥-ប្រយ័ត្នគ្រោះថ្នាក់ ពេលដុតកាំជ្រួច! ករណីនេះ អ្នកដុតកាំជ្រួច ត្រូវមានបច្ចេកទេសត្រឹមត្រូវ ហើយពិនិត្យមើលដែនហាមឃាត់ មិនឲ្យមហាជនចូលជិត និងត្រូវធ្វើការដោយប្រុងប្រយ័ត្ន កុំឲ្យកើតហេតុការណ៍អាក្រក់ ដូចករណីកន្លងមក ដែលបានបណ្តាលឲ្យស្លាប់យុវជនម្នាក់ ដោយសារតែការដុតកាំជ្រួចខុសលក្ខណៈបច្ចេកទេស។ រីឯប្រជាពលរដ្ឋអ្នកទស្សនា ក៏ត្រូវប្រុងប្រយ័ត្នខ្លួនឯង។ កុំចូលទៅជិតកន្លែងដុតកាំជ្រួច គឺត្រូវចេះប្រយ័ត្នខ្លួនឯង ហើយមើលពីចម្ងាយ។
ទី៦-ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍! នៅពេលបុណ្យអុំទូក មានការធ្វើដំណើរតាមម៉ូតូឡានកង់បី ជាដើម ច្រើនជាងថ្ងៃធម្មតា ទាំងអ្នកភ្នំពេញ ចេញទៅតាមខេត្ត ក៏ដូចជាអ្នកខេត្តឡើងមកលេងភ្នំពេញ។ រយៈពេល ៣ថ្ងៃ កាលពីពិធីបុណ្យអុំទូក ឆ្នាំមុន មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៣៩លើក បណ្តាលឲ្យស្លាប់ ២៥នាក់ របួស ៤៥នាក់។ ក្នុងនោះ អ្នកស្លាប់ ដែលធ្វើដំណើរតាមម៉ូតូ មានចំនួន ២២នាក់ និងមិនពាក់មួកសុវត្ថិភាព មាន ១៨នាក់។ ដូច្នេះប្រជាពលរដ្ឋយើង ត្រូវបង្កើនការប្រុងប្រយ័ត្ន ពេលធ្វើដំណើរ ក្នុងអំឡុងពេលបុណ្យអុំទូក ដែលមានមនុស្សច្រើន នាពេលខាងមុខនេះ។
ទី៧-បញ្ហាសំរាម! សំរាមចោទជាបញ្ហានៅពេលបុណ្យទានម្តងៗ។ នៅពេលបុណ្យអុំទូក ឆ្នាំ២០១៨ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានពង្រាយធុងសំរាម សរុបចំនួន ១៦៧១ ធុង និងកម្លាំងបោសសំអាតសរុបចំនួន ៨៣៥ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ កន្លងមក នៅកន្លែងសប្បាយកម្សាន្ត ពិសេសនៅមាត់ទន្លេ តាមសួនច្បារ ពេលបុណ្យអុំទុក តែងតែពោរពេញដោយសំរាម ថង់ផ្លាស្ទិច ប្រអប់ជ័រ កែវជ័រ ដបទឹកសុទ្ធ ជាដើម នៅរប៉ាត់រប៉ាយយ៉ាងច្រើនសន្ធឹកសន្ធាប់។
នោះក៏ដោយសារតែអ្នកទទួលទានយើង មិនបានវេចខ្ចប់ ឬយកកាកសំណល់ ទៅបោះចោលនៅធុងសំរាមឲ្យបានត្រឹមត្រូវឡើយ។ រីឯអ្នកលក់ដូរ ក៏មិនមានការទទួលខុសត្រូវ ខណៈដែលធុងសំរាម ក៏មិនសូវពង្រាយឲ្យបានច្រើន ក្នុងពេលកន្លងមក។
ប៉ុន្តែក្នុងព្រះរាជពិធីបុណ្យអុំទូក លើកនេះ ធុងសំរាមចំនួន ១៦៧១ ធុង ត្រូវបានដាក់ពង្រាយនៅតាមសួនច្បារ នៅតាមមាត់ទន្លេ កន្លែងប្រារព្ធពិធីបុណ្យអុំទូក មុខព្រះបរមរាជវាំង។ សរុបមកប្រជាពលរដ្ឋខ្មែរយើង ត្រូវបង្កើនស្មារតីទទួលខុសត្រូវ គឺនៅពេលទទួលទានរួចរាល់ ត្រូវវេចខ្ចប់ កាន់យកកាកសំណល់ សំបកដកទឹកសុទ្ធ ថង់ជ័រ ប្រអប់ស្នោរ ជាដើម ទៅបោះចោលនៅក្នុងធុងសំរាម។ រីឯកម្លាំងប្រមូលបោសសម្អាត ក៏ត្រូវធ្វើការងាររបស់ខ្លួន ដោយការទទួលខុសត្រូវ និងដឹកជញ្ជូនសំរាមឲ្យបានទាន់ពេលវេលាផងដែរ។
សរុបមក ៧ចំណុចខាងលើនេះ ប្រជាពលរដ្ឋយើង ត្រូវជៀសវាង និងបង្កើនការប្រុងប្រយ័ត្នឲ្យបាន ដើម្បីឲ្យយើងជួបជុំ ដើរលេងសប្បាយ ក្នុងពិធីបុណ្យអុំទូក បានសប្បាយទាំងចិត្ត និងសប្បាយទាំងកាយគ្រប់ៗគ្នា សមនឹងអ្វីដែលរាជរដ្ឋាភិបាល បានខិតខំរៀបចំព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏អធិកអធម រយៈពេល ៣ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង