ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ការផ្លាស់ប្តូរមេទ័ពកំពូល ០៣ រូប ដើម្បីពង្រឹងខឿនការពារជាតិ និងបង្កើនប្រសិទ្ធិភាពភារកិច្ចកងទ័ព អោយកាន់តែរឹងមាំ

337


ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូល ០៣រូប រួមមាន៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជានាយសេនាធិការចម្រុះ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក។
ប្រមុខការពារជាតិ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ការប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន ៣រូបនេះ គឺជារឿងធម្មតា ស្របពេលនាយឧត្តមសេនីយ៍ ជាអតីតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន អតីតនាយសេនាធិការចម្រុះ លោកនាយឧត្តមសេនីយ៍ គន់ គីម និងលោកនាយឧត្តមសេនីយ៍ មាស សុភា អតីតមេបញ្ជាការកងទ័ពជើងគោក ត្រូវបានទៅកាន់តួនាទីថ្មី ក្នុងជួររដ្ឋាភិបាល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា ការប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន ០៣រូបនេះ គឺមិនអ្វីធ្វើអោយប៉ះពាល់ដល់ផ្ទៃក្នុងរបស់កងទ័ពទេ ពោលមានតែការពង្រឹងខឿនការពារជាតិ និងបង្កើនប្រសិទ្ធិភាពភារកិច្ចកងទ័ព អោយកាន់តែរឹងមាំ ដើម្បីទទួលភារកិច្ចរាជរដ្ឋាភិបាលមកអនុវត្ត អោយមានប្រសិទ្ធភាព។
ជាការកត់សម្គាល់ មេទ័ពកំពូល ០៣រូប ដែលបានប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែង នាពេលនេះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ ផ្កាយមាស ៤ រីឯលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ព្រមទាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
គេនៅចាំបានថា កាលពីខែមិថុនា នាយឧត្តមសេនីយ៍យោធា ០៣ រូប រួមមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ គន់ គីម អតីតនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សុភា អតីតមេបញ្ជាការកងទ័ពជើងគោក បានដាក់ពាក្យព្យួរការងារ ដើម្បីទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦។ ក្រោយការបោះឆ្នោត នាយឧត្តមសេនីយ៍ទាំងបីរូប បានជាប់ឆ្នោត ជាតំណាងរាស្ត្រ តែបានលាលែង ហើយក៏ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦នេះ។
ក៏ប៉ុន្តែអំឡុងពេលនៃការព្យួរតំណែងក្នុងជួរកងទ័ពនោះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងការពារជាតិ បានចាត់តាំងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឡើងកាន់តំណែងជាអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជំនួសលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន។ រីឯតំណែងរបស់លោក គន់ គីម និងលោក មាស សុភា ត្រូវបានប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឡើងជានាយសេនាធិការចម្រុះស្ដីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក ផងដែរ។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកាន់តួនាទីយូរមកហើយ ជានាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក។
តែនៅពេលកាន់តួនាទីជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការស្តីទី កងទ័ពជើងគោក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកាន់ការរយៈពេល ៣ ថ្ងៃ ជាអគ្គមេបញ្ជាការស្តីទី ជំនួសលោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចេញទៅពិនិត្យជំងឺនៅប្រទេសសឹង្ហបុរី កាលពីចុងខែសីហា ឆ្នាំ២០១៨ ផងដែរ។
ការប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍ទាំង ០៣រូប ជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជានាយសេនាធិការចម្រុះ និងជាមេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីមានលិខិតស្នើសុំរបស់នាយករដ្ឋមន្ត្រី ថ្វាយព្រះមហាក្សត្រ តែងតាំងលោកឧត្តមសេនីយ៍ទាំង ០៣រូប ហើយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដដែលនោះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យរួម តែងតាំងលោកឧត្តមសេនីយ៍ទាំង ០៣រូប ជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជានាយសេនាធិការចម្រុះ និងជាមេបញ្ជាការកងទ័ពជើងគោក តាមលិខិតទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមចំណាំរៀងមក នៅពេលអ្នកឡើងស្តីទី ក្នុងស្ថាប័នារាជរដ្ឋាភិបាលណាមួយ គឺមិនយូរប៉ុន្មានអ្នកនោះ ត្រូវឡើងជាប្រធានតែម្តង។ រឿងករណីតែងតាំងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនេះ គឺប្រមុខរាជរដ្ឋាភិបាល បានសម្រេចយកមេបញ្ជាការរងកងរាជអាវុធហត្ថ ដែលមានឋានៈក្រោមលោកនាយឧត្តមសេនីយ៍ សៅ សុខា យកមកធ្វើជាមេរបស់លោកសៅសុខា ទៅវិញ។ ម្យ៉ាងទៀត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ គិតមកដល់ពេលនេះ មានចំនួន ១៥រូប តែមិនត្រូវបានជ្រើសតាំង ឲ្យឡើងជាអគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទឡើយ។
ក្នុងរយៈពេលកាន់តំណែងជាអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជាង ២ខែមកនេះ គិតពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ អាចលោកនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំមិនចុះសម្រុងជាមួយនឹងនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ១៤ រូបផ្សេងទៀត រួមមាន៖ លោក ហ៊ីង ប៊ុនហៀង លោក អ៊ុង សំខាន់ លោកគៀងសាវុធ លោកឥតសារ៉ាត់ លោកម៉ក់សារុន លោកឈិនច័ន្ទពណ៌ លោកគីមប៊ុនថាន លោកខ្វាន់ស៊ាម លោកម៉ីមនដារី លោកអ៊ុយសារិន្ទ លោកសឹងសំណាង លោកទៀវិញ លោកវង្សវាសនា និងលោកណុបរតនា ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា មិនត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលជាតំណែងកំពូលរបស់កងទ័ព។ ឬមួយក៏ នាយឧត្តមសេនីយ៍ ជាអគ្គមេបញ្ជាការរងទាំង ១៤នាក់ ចង់ឡើងជាអគ្គមេបញ្ជាការដែរ ទើបចុងក្រោយ សម្តេចតេជោ ហ៊ុន សែន សម្រេចយកអ្នកថ្មី គឺលោកឧត្តមសេនីយ៍ វង្ស ពិសេន ដែលជាកូនចៅរបស់លោក សៅ សុខា ឲ្យឡើងធ្វើជាមេរបស់លោកសៅសុខាតែម្តង។
កន្លងមក ក៏មានការនិយាយពីមាត់មួយទៅមាត់មួយថា តំណែងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនេះ គឺសម្រាប់លោកហ៊ុនម៉ាណែត ដែលជាឧត្តមសេនីយ៍បណ្ឌិតយោធា មកពីសហរដ្ឋអាមេរិក និងជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន។ រីឯលោកសៅសុខា គ្រាន់តែជាអ្នកថែរក្សាកៅអីអគ្គមេបញ្ជាការកងទ័ព សម្រាប់លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
តែយ៉ាងណាក៏ដោយ ការតែងតាំង និងប្រកាសចូលកាន់តំណែងរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ឥតសារ៉ាត់ ជានាយសេនាធិការចម្រុះ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក នាពេលនេះ ជាការបញ្ចប់នូវការនិយាយតគ្នារឿងតំណែងសម្រាប់លោកហ៊ុនម៉ាណែត ហើយក៏អាចបញ្ចប់ជម្លោះផ្ទៃក្នុងនៅអគ្គបញ្ជាការដ្ឋានកងទ័ព បើសិនជាមានមែននោះ។
យ៉ាងណាក៏ដោយចុះ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវស្ថិតនៅក្រោមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ និងក្នុងនាមជានាយករដ្ឋមន្ត្រី ដូចអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង