ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ចិនអុកឡុកក្រុងព្រះសីហនុ រាល់ថ្ងៃ តើអភិបាលខេត្ត អភិបាលក្រុង គិតយ៉ាងណា?

1,419


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានរបស់ជនជាតិចិន កាន់តែច្រើន បានចូលមកប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ។ វត្តមានរបស់ជនជាតិចិនកាន់តែច្រើននៅខេត្តមាត់សមុទ្រ ដែលជាតំបន់ទេសចរណ៍ពាណិជ្ជកម្មកំពង់ផែសមុទ្ររបស់កម្ពុជា ក៏បានបង្កការអុកឡុករំខានមួយចំនួន ស្ទើររាល់ថ្ងៃផងដែរ។
មានការលើកឡើងថា ទីក្រុងព្រះសីហនុ នៅពេលយប់ គួរអោយខ្លាច។ តំបន់ទេសចរណ៍ ដែលមានភ្ញៀវបរទេស និងពលរដ្ឋខ្មែរយ៉ាងច្រើនកោះករ ទៅលេងកំសាន្ត ក៏មានដំណឹងថា អ្នកទេសចរ លែងហ៊ាន ចូលទៅលេងតំបន់សមុទ្រដូចមុនហើយ ដោយសារតែចិនបង្កបញ្ហាច្រើនពេក។
ក្នុងក្រុងព្រះសីហនុ ក៏មានសំរាម ភក់ជ្រាំ ផ្លូវខូចច្រើន ដោយសារតែការអភិវឌ្ឍន៍ ដែលភាគច្រើន ចិនចូលមកសាងសង់អគារខ្ពស់ ជាដើម គឺខុសពីមុន តំបន់ទេសចរណ៍ខេត្តព្រះសីហនុ ដ៏ប្រណិតរបស់កម្ពុជា គឺជាប៉ូលទេសចរណ៍ដ៏សំខាន់មួយ ក្នុងចំណោមទាំង៣របស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តសៀមរាប អង្គរ។
ក្រៅពីនេះ ក៏មានជនជាតិចិន បើកបនល្បែង បើកហាងខារ៉ាអូខេ ម៉ាស្សា រហូតដល់ចែកខិត្តប័ណ្ណ បើកបនស្រីថែមទៀតផង។ ជនជាតិចិន ក៏បើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីនៅខេត្តព្រះសីហនុ ហើយចុងក្រោយនេះ គឺបុរសចិនម្នាក់ បានបើកឡានបុកបុរសកម្ពុជា ដែលជាគ្រូបង្វឹកសត្វឆ្កែដ៏ល្បីល្បាញ។ សេចក្តីរាយការណ៍ ក៏បានបង្ហាញថា ជនជាតិចិននោះ បើកឡានបុកបុរសកម្ពុជាហើយ បុរសចិននោះ ក៏បានបើកឡានថយក្រោយកិនបន្ថែមលើបុរសកម្ពុជានោះ តែមិនស្លាប់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយបុរសចិន សងលុយត្រឹមតែ ២ម៉ឺនដុល្លារប៉ុណ្ណោះ។
ជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍ពីជនជាតិចិន បើកបរឡានខុសច្បាប់ ព្រមទាំងលក់ និងចែកចាយថ្នាំញៀននៅតាមហាងម៉ាស្សា ខារ៉ាអូខេ ដោយត្រូវបានប៉ូលិសកម្ពុជា ចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាក៏ដោយ វត្តមានរបស់ជនជាតិចិន ពិសេសអ្នកវិនិយោគចិនកាន់តែច្រើន ចូលមកកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ក៏មិនមែនសុទ្ធតែបង្កការលំបាក ឬក៏ផ្តល់ផលអវិជ្ជមានទាំងអស់នោះទេ។
វត្តមានរបស់ចិន នៅខេត្តព្រះសីហនុ ធ្វើឲ្យតម្លៃដីនៅទីនោះ ឡើងថ្លៃយ៉ាងច្រើន។ មានអ្នក បានជួលឡាន ជួលផ្ទះឲ្យជនជាតិចិនបានថ្លៃយ៉ាងក្រាស់ក្រែង។ ប្រជាពលរដ្ឋអ្នកលក់ទំនិញ ក៏លក់បានថ្លៃជាងមុន ជាដើម។
ក៏ប៉ុន្តែចៅហ្វាយខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចផ្សេងទៀត ហាក់ដូចជាទន់ដៃ។ ក្នុងនោះ សេវាសាធារណៈឡើងថ្លៃ ១ គុណ ១០ ដល់ ២០ សម្រាប់លិខិតស្នាមសាងសង់ គឺឡើងថ្លៃពី ៣០០ ឡើងដល់ ៣០០០ទៅ ៦០០០ ដុល្លារ។ អាជ្ញាធរខេត្ត សប្បាយក្នុងការយកលុយចិន លើគម្រោងវិនិយោគនានា។
តើគេគួរបណ្តោយបែបនេះទៀត សម្រាប់អាណត្តិទី៦ឬ? គឺមិនដូច្នេះទេ។ រាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរសមត្ថកិច្ចខេត្តព្រះសីហនុ គ្រប់ជាន់ថ្នាក់ ត្រូវតែមានវិធានការរឹតបន្តឹង ហើយត្រូវអនុវត្តច្បាប់ជាធំ។
បើសិនជាបណ្តោយឲ្យជនជាតិចិនមួយចំនួន បន្តរំលោភច្បាប់កម្ពុជាទៀត ពិសេសបើកបរដោយមិនគោរពច្បាប់ បង្កគ្រោះថ្នាក់ រហូតដល់បុកស្រស់លើពលរដ្ឋខ្មែរ ដែលមានរហូតដល់ស្លាប់ក៏មានកន្លងមកនេះ គឺច្បាស់ជាមានប្រតិកម្មដោយហិង្សាពីជនជាតិខ្មែរលើជនជាតិចិន បើសិនជាមិនមានវិធានការផ្លូវច្បាប់។
រាជរដ្ឋាភិបាល និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានចាប់បង្ក្រាបជនល្មើសជាបន្តបន្ទាប់ មិនថា ខ្មែរ ឬចិន ឬក៏បរទេសណាទេ ឲ្យតែធ្វើខុសច្បាប់ បង្កភាពអាណាធិបតេយ្យ ឬក៏លក់ជួញដូរចែកចាយគ្រឿងញៀនជាដើម គឺត្រូវបានបង្ក្រាប ដោយគ្មានលើកលែងឡើយ។
ម្យ៉ាងទៀត កម្ពុជាជាម្ចាស់ប្រទេស ពិសេសពលរដ្ឋខ្មែរ មិនអាចអនុញ្ញាតឲ្យជនបរទេស ពិសេសជនជាតិចិន មកធ្វើព្យុះធ្វើភ្លៀង លើទឹកដីដ៏បវរ ពិសេសនៅខេត្តព្រះសីហនុ ដែលជាដែនដីទេសចរណ៍ និងជាតំបន់ឆ្នេរដ៏ស្រស់បំព្រង សម្រាប់ទាក់ទាញអ្នកទេសចរជាដាច់ខាត។ រីឯជនជាតិចិនខ្លួនឯង ក៏ត្រូវតែគោរពច្បាប់របស់កម្ពុជាដែរ បើសិនជាខ្លួនចង់បន្តរស់នៅ និងរកស៊ីលើទឹកដីកម្ពុជាមែននោះ៕

អត្ថបទដែលជាប់ទាក់ទង