ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន

82

វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន “Beginners Open Water Swimming Coach Clinic” ដែលបានប្រព្រឹត្តធ្វើរយៈពេលពីរថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ក្រោមគម្រោងបណ្តុះបណ្តាលផ្ទាល់របស់សហព័ន្ធខ្មែរកីឡាហែលទឹក នោះ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩ ។
លោកហែម ចាន់លីអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញចូលរួមបិទវគ្គ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមផងដែរ ។
វគ្គបណ្តុះបណ្តាល នេះ មានសិក្ខាកាម ចូលរួមចំនួន ២០ នាក់ មកពី ០៦ ស្ថានប័ននាយកដ្ឋានអប់រំកាយ និងកីឡាមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបហែលទឹកក្រសួងមហាផ្ទៃ និង ក្លិបហែលទឹកមច្ឆានុប ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ ក្នុងពិធីបិទថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋានមានសារសំខាន់ក្នុងការលើកម្ពស់សមត្ថភាពគ្រូបង្វឹកកីឡាហែលទឹក ឲ្យកាប់តែមានជំនាញច្បាស់លាស់ដែលសិក្ខាកាមទំាងអស់នឹងក្លាយខ្លួនជាគ្រូបង្ហាត់កីឡាហែលទឹក ដើម្បីបណ្ដុះបណ្ដាលដល់កីឡាករកីឡាការិនី ដើម្បីឲ្យក្លាយជាកីឡាករកីឡាការិនីមានទេពកោសល្យ សម្រាប់វិញ្ញាសាហែលទឹកទីឆ្ងាយនេះ ។
លោក ហែម គីរី បានឲ្យដឹងដែរថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយ កម្រិតមូលដ្ឋាននេះ បង្ហាត់បង្រៀនដោយលោកនាង សូរិទ្ធិយ៉ា ជាគ្រូដែលកម្ពុជាយើងបានបញ្ជូនទៅសិក្សានៅក្នុងប្រទេសថៃកាលពីឆ្នាំ២០១៨កន្លងមក ដែលបង្រៀនដោយគ្រូជនជាតិអាមេរិកនិងគ្រូមកពីសហព័ន្ធហែលទឹកអន្តរជាតិ។
វគ្គនេះ សិក្សាកាមទាំងអស់បានសិក្សាវគ្គបណ្តុះបណ្តាល ផ្នែកទ្រឹស្ដីនៅក្នុងថ្នាក់ ដោយលោក នាង សូរិទ្ធិយ៉ា និងអនុវត្តផ្ទាល់នៅទីលាន ដោយលោក ហែម ថុនពន្លឺ ។សិក្ខាកាមបានទទួលយកចិត្តទុកដាក់ក្នុងការសិក្សាវគ្គបណ្តុះបណ្តាល ដោយទទួលបានលទ្ធផលនិទ្ទេសល្អបានចំនួន ៨៥% និង និទ្ទេសមធ្យមបានចំនួន ១៥%
លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា គោលបំណងដែលសហព័ន្ធបើកវគ្គនេះឡើង គឺទី១ដើម្បីបង្កើនធនធានគ្រូបង្វឹកផ្នែកកីឡាហែលទឹកទីឆ្ងាយ នៅតាមក្លិប សមាគម ខេត្ត ទី២ ចង់ពង្រឹងសមត្ថភាពគ្រូឧទ្ទេសរបស់កម្ពុជាអោយមានបទពិសោធន៍បង្រៀន និងចែករំលែកចំណេះដឹងរបស់គ្រូឧទ្ទេសដែលបានទៅសិក្សានៅបរទេសនោះ មកដល់គ្រូបង្វឹកនៅក្នុងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង