ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងឯកភាពជាតិ អនុវត្តវប្បធម៌សន្ទនា គោរពច្បាប់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងទប់ស្កាត់រាល់ ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព

30

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមអំពាវនាវ ដល់ជនរួមជាតិទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល
ក្នុងការលើកស្ទួយសន្តិភាពជាតិ និងអន្តរជាតិ ដោយបន្តថែរក្សានិងការពារសន្តិភាពដែលមានស្រាប់
ពង្រឹងឯកភាពជាតិ អនុវត្តវប្បធម៌សន្ទនា គោរពច្បាប់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងទប់ស្កាត់រាល់
ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព ដែលមានគោលបំណងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរ
និងអស្ថិរភាព។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានថ្លែងថា ទិវាសន្តិភាពអន្តរជាតិ ដែលបានអនុម័តដោយ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥
នាឆ្នាំ២០០១ ដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្គ្រាម ជំរុញឱ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុង
តំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល ត្រូវបានប្រារព្ធទូទាំងពិភពលោកនៅថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
ដោយសន្តិភាពមានតម្លៃពិតជាពុំអាចកាត់ថ្លៃបាន និងមានសារៈសំខាន់ជាចំបងសម្រាប់មនុស្សជាតិ
ក៏ដូចជាប្រទេសជាតិ កម្ពុជាមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយពិភពលោកប្រារព្ធនូវ ទិវាសន្តិភាព
អន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយខិតខំពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតីនិងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវ
សុខសន្តិភាពយូរអង្វែងសម្រាប់កម្ពុជាយើង និងពិភពលោក ដែលនេះជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ
និងជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ប្រទេស ដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍ និងការរីកចម្រើន។
ជនរួមជាតិជាទីស្នេហា ការវិវត្តន៍ដ៏ស្មុគស្មាញមិនអាចប៉ាន់ប្រមាណជាមុន នៃសភាពការណ៍ជុំវិញពិភពលោកនាពេលកន្លង
មក និងបច្ចុប្បន្ន ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារផលប្រយោជន៍នយោបាយ
សេដ្ឋកិច្ច និងយោធា បាននិងកំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាពដែលនៅតែមានភាពស្រួចស្រាវ
ទាំងក្នុងកម្រិតតំបន់ និងសកល។ ទន្ទឹមនេះ សន្តិភាពរបស់កម្ពុជាក៏ស្ថិតនៅក្នុងលក្ខណៈផុយស្រួយ ដោយសារ
តែមានការគំរាមកំហែង និងការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងឥតឈប់ឈរពីមជ្ឈដ្ឋានខាង
ក្រៅ ជាពិសសពីបណ្តាប្រទេសមហាអំណាច និងប្រទេសលោកខាងលិច់មួយចំនួន។ ទោះបីកម្ពុជាស្ថិត
នៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្ម ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏
ដោយ កំរាជរដ្ឋាភិបាលកម្ពុជា នៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈរួបរួម
សាមគ្គី ឯកភាពជាតិ ការពារសមិទ្ធិផលសង្គមជាតិ កសាងនិងរក្សាការពារឯករាជ្យ សេរីភាពប្រជាធិបតេយ្យ
អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម និងប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុតក្នុងការរក្សាសន្តិភាព និងស្ថិរភាពឱ្យខានតែ
បានទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
បន្ទាប់ពីការរំដោះប្រទេសជាតិបានជោគជ័យពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងការនាំមកនូវសន្តិភាពពេញលេញពេញផ្ទៃប្រទេសនៅឆ្នាំ ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះសន្តិភាព ស្ថិរភាព និងសុខមាលភាពប្រជាជន ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៃ
យុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល។ ជានិមិត្តរូបនៃឧត្តមគតិដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាលកម្ពុជា
បានកសាងវិមានឈ្នះ-ឈ្នះ ដើម្បីរំលឹកពីវីរភាព នៃការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការរំដោះ
ប្រទេសជាតិឱ្យរួចផុតពីរបបខ្មៅងងឹត និងប្រល័យពូជសាសន៍។ ជាមួយគ្នានេះ វិមានឈ្នះ-ឈ្នះ ក៏បានបង្ហាញ
ឱ្យឃើញពីមោទនភាពជាតិ ចំពោះជោគជ័យដ៏ត្រចះត្រចង់ របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង
និងការពារសន្តិភាព ស្ថិរភាព និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយមានការយល់ដឹងពីតម្លៃនៃសន្តិភាពដែល
ទទួលបានដោយលំបាកនេះហើយ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដាច់ខាតការពារខឿនឯករាជ្យភាព
អធិបតេយ្យភាព បូរណភាពដែនដី និងម្ចាស់ជោគវាសនារបស់ខ្លួន។
កម្ពុជា ដែលពីមុនបានឆ្លងកាត់ភ្លើងសង្គ្រាមពីឆ្នាំ១៩៧០-១៩៧៥ និងធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ឥឡូវបានក្លាយទៅ ជាប្រទេសមួយដែលគោរពយ៉ាង
ខ្ជាប់ខ្ជួននូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការបោះឆ្នោតដែលបានប្រព្រឹត្តទៅប្រកបដោយ
លក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំ
នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងពីភាពជាម្ចាស់អំណាច ពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ការអនុវត្ត
លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅក្នុងក្របខ័ណ្ឌច្បាប់ និងសមស្របតាមប្រពៃណី ទំនៀមទំលាប់
អរិយធម៌របស់ប្រទេសជាតិ ជាមូលដ្ឋានគ្រឹះសំខាន់ រួមចំណែកដល់ការការពារនិរន្តរភាពសន្តិភាព ស្ថិរភាព
និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយបរិយាប័ន្ន ដែលជាបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជនកម្ពុជា ។
ជនរួមជាតិជាទីស្នេហា
ក្រោមម្លប់សន្តិភាពនេះហើយ ដែលកម្ពុជាចាប់ផ្តើមមានកម្លាំងសេដ្ឋកិច្ច ងើបផុតចេញពីឋានៈជា
ប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ ២០១៦។
កម្ពុជាក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការពន្លឿនពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាពការប្រកួតប្រជែង ការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងប្រព័ន្ធខ្សែចង្វាក់តម្លៃសកល និងបង្កើនភាពធន់
នឹងវិបត្តិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ យើងមានមោទនភាព ដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ធាតុផ្សំនៃសន្តិភាព អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ រួមផ្សំនឹងការដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ជាតិដ៏ត្រឹមត្រូវក្រោមយុទ្ធសាស្ត្រ
ចតុកោណ បានធ្វើឱ្យអត្រានៃភាពក្រីក្រ របស់ប្រជាជនខ្មែរថយចុះយ៉ាងគំហុកពី ៥៣.២% ក្នុងឆ្នាំ ២០៤
មកនៅក្នុងរង្វង់ ១០% នាពេលបច្ចុប្បន្ន។
ជនរួមជាតិជាទីស្នេហា
កម្ពុជាមានមោទនភាពក្រៃលែង ដែលបានប្រែក្លាយបទពិសោធន៍ដ៏ល្វីងជូរចត់នៃសង្គ្រាមស៊ីវិលឱ្យ
ទៅជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុសន្តិភាពពិភពលោក។ កម្ពុជាបានប្រែក្លាយខ្លួនពី
ប្រទេសដែលធ្លាប់បានទទួលកងកំលាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិទៅជាប្រទេសដែលបាន
នឹងកំពុងបញ្ជូនកងកំលាំងជាបន្តបន្ទាប់ ចូលរួមបេសកកម្មរក្សាសន្តិភាពទៅបណ្តាប្រទេសនានា ដែលកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាម។ ចាប់តាំងពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងចំនួន
៦៣៥១ នាក់ (ស្រ្តីចំនួន ៣២៦ នាក់) ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ក្នុងប្រទេស
ចំនួន ៨ រួមមាន់ប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី និងម៉ាលី។
ទោះបីជាបេសកកម្មទាំងនេះជា បេសកកម្មប្រកបដោយហានីភ័យ និងគ្រោះថ្នាក់ក៏ដោយ កងទ័ពកម្ពុជា
ដែលកំពុងបំពេញបេសកកម្មនៅតាមចំណុចក្តៅបំផុតនោះ នៅតែមានឆន្ទៈមោះមុតក្នុងការបន្តរួមចំណែកជួយ
សង្គ្រោះប្រទេសដទៃឱ្យទទួលបានសន្តិភាព និងចាកផុតពីទុក្ខវេទនានៃសង្គ្រាម និងការបំផ្លិចបំផ្លាញ។
កម្ពុជាក៏នឹងបន្តចូលរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការ
ចូលរួមកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការប្រយុទ្ធរដោះស្រាយការប្រឈមនានានៅលើសកលលោក
តួយ៉ាងប្រឆាំងនឹងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលធាតុអាកាស ការជួញដូរគ្រឿងញៀន និងជំងឺឆ្លង។ ល ។
ដោយផ្តោតសារៈសំខាន់លើស្នាដៃ និងការរួមចំណែកទាំងអស់នេះ កម្ពុជាត្រូវបានផ្តល់ទំនុកចិត្ត
ដោយសហគមន៍អន្តរជាតិ ឱ្យកាន់តួនាទីសំខាន់ចំនួនបីក្នុងឆាកអន្តរជាតិ។ ទី ១ គឺឋានៈជាអនុប្រធានមហា
សន្និបាត អ.ស.ប. សម្រាប់ឆ្នាំ ២០១៨-២០១៩ ទី ២ គឺឋានៈជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម
អ.ស.ប. សម្រាប់អាណត្តិឆ្នាំ ២០១៩ និងទី ៣ គឺឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី
-អឺរ៉ុបលើកទី ១៣
នៅឆ្នាំ ២០២០ ខាងមុខនេះ។ តួនាទីទាំងនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនដល់កម្ពុជាក្នុងការចូលរួម
ចំណែកដល់បុព្វហេតុ នៃការរក្សាសន្តិភាព និងលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង