ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សម្នាក់ចុងក្រោយ ត្រូវរកឃើញហើយ តែស្លាប់ និងបូជានៅទីកន្លែងនោះ ទើបយកធាតុមកធ្វើបុណ្យនៅគេហដ្ឋាន

36

បាត់ដំបង៖ ករណីមាន​ពលរដ្ឋ​៧​នាក់ បាន​ចូលទៅ​ក្នុងព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ហើយ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាលឱ្យ​ដីភ្នំ​បាក់​សង្កត់ ក្នុងនោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួចខ្លួន ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​បាត់​ខ្លួន រហូតមកដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះបានស្រាវជ្រាវរកឃើញមនុស្សទាំង២នាក់ដែលបាត់ខ្លួននោះអស់ហើយ ដោយម្នាក់នៅមានជីវិត ដោយគ្រាន់តែរងរបួស និងម្នាក់ទៀតបានស្លាប់។​

សូមបញ្ជាក់ថា រដ្ឋបាលស្រុកសំឡូត នៅថ្ងៃសុក ទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានសេចក្តីលិខិតមួយដោយសូមគោ​រព​ជូន
លោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ពីរបាយការណ៍ ស្តីពីការបាត់ខ្លួនប្រជាពលរដ្ឋឈ្មោះ ផាន់​ រឺ នៅឃុំ​តាតោក ស្រុកសំឡូត ។

អភិបាលស្រុកសំឡូត លោក សើ សាវ៉េត បានថ្លែងថា សូមគោរពជម្រាបជូន លោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជ្រាបថា ប្រជាពលរដ្ឋឈ្មោះ ផាន់ រឺ ដែលបានបាត់ខ្លួន ក្នុងចំណោមប្រជាលរដ្ឋ ២នាក់ ដែលបានរកឃើញ កាលពីម្សិលមិញនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ រហូតមក ដល់រសៀលនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះដែលបានចុះទៅស្វែងរកបន្តទៀត នៅក្នុងទឹកដីថៃបានជួបហើយ ប៉ុន្តែគួរឲ្យសោកស្តាយ គឺបុរសដែលឈ្មោះ ផាន់ រឺ អាយុ ២០ឆ្នាំ នេះបានស្លាប់ ហើយសពមានសភាពហើម ស្អុយ រលួយបាត់ទៅហើយ ។ លុះព្រឹកឡើងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមគ្រួសារសព និងសាច់ញាតិបានសម្រេចទៅបូជាសព ​នៅទីតាំងដែលកងកម្លាំងបានរកឃើញ គឺនៅលើទឹកដីប្រទេសថៃ រួច
ហើយ ទើបយកឆ្អឹងមកធ្វើបុណ្យនៅគេហដ្ឋាន នៃក្រុមគ្រួសារសព តាមប្រពៃណីជាតិខ្មែរ នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នក​នឹ​ងាំ​ពាក្យ​ក្រសួងការពារជាតិ នៅ​រសៀល​ថ្ងៃទី​១៨​កញ្ញា​នេះ បាន​ថ្លែងថា បន្ទាប់ពី​ចូលរួម​រៀបចំ​ប្រតិបត្តិ​ការរុករក​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​បាត់​ខ្លួន​ក្នុងករណី​បាក់​ដីភ្នំ​សង្កត់​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា​រួចមក នៅថ្ងៃនេះ​ដែរ ខ្ញុំ​បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ម្នាក់ទៀត ដែល​រងគ្រោះ​ដោយ​ករណីនេះ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដើម្បី​សាកសួរ​ព័ត៌មាន​មួយចំនួន​។

ប្អូនប្រុស ទ្រី​ន កុសល អាយុ​២៥​ឆ្នាំ គឺជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​៧​នាក់ ដែល​បាន​ចូលទៅ​ក្នុងព្រៃ ដើម្បី​ដាក់​អន្ទាក់​ចាប់​សត្វ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ក្នុងស្រុក​សំឡូត កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ដីភ្នំ​បាក់​សង្កត់​ពេល​មេឃ​ភ្លៀង បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាក់​ស្មា​។ ករណីនេះ​មាន​ពលរដ្ឋ​៤​នាក់​រត់​រួចខ្លួន ក្នុងចំណោម​៧​នាក់ ហើយ​ម្នាក់​រងរបួស (​ទ្រី​ន កុសល​) និង​២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។ បើតាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ ប្អូនប្រុស​ខាងលើ គឺ​ពលរដ្ឋ ដែល​បាត់​ខ្លួន​២​នាក់​នោះ​មានឈ្មោះ ផាន រី អាយុ​២៧​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ឆាង កុយ អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ត ស្រុក​សំឡូត​ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ​៧​នាក់ ដែល​បាន​ចូលទៅ​ដាក់​អន្ទាក់​ចាប់​សត្វ​នោះ​រួមមាន​៖ ១. ឈ្មោះ ដុំ សុភាព អាយុ ៦៤​ឆ្នាំ ២. ឈ្មោះ ឆែម ប្រុស អាយុ ២៥​ឆ្នាំ​ ៣. ឈ្មោះ កៅ កាន់ អាយុ ១៧​ឆ្នាំ​ ៤. ឈ្មោះ កៅ នី អាយុ ២០​ឆ្នាំ ៥. ឈ្មៅះ ទ្រី​ន កុសល អាយុ ២៥​ឆ្នាំ (​របួស​) ៦. ឈ្មោះ ផាន រី អាយុ ២៧​ឆ្នាំ (​បាត់​ខ្លួន​) ៧. ឈ្មោះ ធាន កុយ អាយុ ១៧​ឆ្នាំ (​បាត់​ខ្លួន​) ​ពួកគេ​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ត ស្រុក​សំឡូត ខេត្តបាត់ដំបង ទាំងអស់គ្នា​។​

​នៅ​ថ្ងៃទី​១៨​កញ្ញា​នេះ កម្លាំងចម្រុះ​២៥​នាក់ ដែលមាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​បន្ត​ប្រតិបត្តិ​ការរុករក​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​បាន​បាត់​ខ្លួន នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​។ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំង​២​រូបនេះ បាត់​ខ្លួន​នៅក្នុង​ទឹកដី​ថៃ ភាគី​កម្ពុជា​ក៏បាន និង​កំពុង សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​រុករក​ជនរងគ្រោះ​ផងដែរ​។​

​ប្រតិបត្តិការ​នេះ កំពុង​ទទួល​បានការ​យកចិត្តទុកដាក់ និង​បញ្ជារ​ផ្ទា​ល់ពី លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈដែល​ក្រុមការងារ កំពុងតែ​មមាញឹក​ក្នុង​ប្រតិបត្តិ​ការរុករក​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ មាន​ពលរដ្ឋ​៧​នាក់ បាន​ចូលទៅ​ក្នុងព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ហើយ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាលឱ្យ​ដីភ្នំ​បាក់​សង្កត់ ក្នុងនោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួចខ្លួន ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​បាត់​ខ្លួន​៕​


អត្ថបទដែលជាប់ទាក់ទង