ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរួមជាតិ សូមកុំចាញ់ ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួន ជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ នៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី

22


ភ្នំពេញ៖ ថ្ងៃទី២០កញ្ញានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទាក់ទងនឹងផែនការនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី។ ជារួម ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រ​ង្សី នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះទេ ​ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ។ ការចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះ ត្រូវបានកំណត់ថាជាបទល្មើសរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ។ សូមចូលរួមការពារនិងថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនទាំងអស់គ្នា ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានមនុស្សមួយក្រុម ក្នុងនាមជាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាអង្គការខុសច្បាប់ បានចេញសេចក្តីប្រកាស
ព័ត៌មានមួយ ទាក់ទងទៅនឹងអ្វីដែលគេហៅថា ផែនការនៃការវិលត្រឡប់ មកកម្ពុជា របស់ទណ្ឌិត សម រង្ស៊ី។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនថា ក្រសួងយុត្តិធម៌បានពិនិត្យតាមដាន និងសិក្សា
ដោយយកចិត្តទុកដាក់ចំពោះករណីខាងលើនេះ និងបានពិនិត្យឃើញថា ផែនការទាំងមូលនៃការប្រកាស
វិលត្រឡប់របស់ទណ្ឌិត សម រង្សី ខាងលើ ពុំមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែ
គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើ
ឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សា ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា ៖

ទី១.ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាតារអស់មួយជីវិត។

ទី២​.ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ ២០ ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និង
សហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោសដោយ
អនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទី៣-ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើ គឺជាទង្វើប្រឆាំងនឹងសាលដីការបស់តុលាការ
កំពូលផង ខុសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។

ទី៤-ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការ
ប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។
ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំ
ដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុត
ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម
និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏សូមឆ្លៀតយកឱកាសនេះអំពាវនាវជូនដល់ជនរួមជាតិ សូមកុំចាញ់
ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវ
មានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការ
រាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង