ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីព្រាងច្បាប់ស្តីពី សំណង់ នឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័តនាពេលខាងមុខ

36

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុស និងអនុសាសន៍ ជាច្រើនពីវាគ្មិន សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងលោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងអង្គសិក្ខាសាលាសិក្សាស្វែងយល់លើសេចក្តីព្រាងច្បាប់ស្តីពី សំណង់ រយៈពេលពេញមួយ​ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃដដែលក្នុងឱកាសបិទសិក្ខាសាលាសិក្សាស្វែងយល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ សំណង់​ លោកស្រីនិន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលាដែលបានចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងពាក់ព័ន្ធ ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី និន សាផុន ប្រធានគណៈកម្មការ បានបន្ថែមថា នៅក្នុងអាណត្តិទី៦ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានខិតខំ ជំរុញដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ បានអនុម័តក្លាយជាយន្តការច្បាប់ បទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភ័ណ្ឌភាព និងចីរភាពនៃសំណង់ ក្នុងការគ្រប់គ្រង និង អភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងភាពសុខដុមរមនានៅក្នុងសង្គម។

លោកស្រីប្រធានគណៈកម្មការបានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យសំណង់ បានដើរតួនាទីជាសសរស្ដម្ភមួយ ដែលជំរុញកំណើន៣ទៀត គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួមរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន ពិសេសឆ្លើយតបនឹងគោលនយោបាយជាតិស្តីពីការរៀបចំទឹកដី ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព​ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ស្របតាមទស្សនៈវិស័យរាជរដ្ឋាភិបាល ដែលមាន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ថេង ច័ន្ទសង្វា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានលើកពីនីតិវិធី និងការគ្រប់គ្រងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់ ជាបញ្ហាប្រឈមរួមរបស់ប្រទេសកំពុងអភិវឌ្ឍ ដែលមានការខ្វះខាតក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងធនធានមនុស្ស។ ឯកឧត្តមបន្ថែមថា ផែនការសុវត្ថិភាពនិងសុខភាពការងារ គួរបញ្ចូលលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងស្តង់ដាសុវត្ថិភាពការងារ របាយការណ៍នៃការវាយតម្លៃ ហានិភ័យការងារ វិធានការណ៍គ្រប់គ្រងសុវត្ថិភាព សុខភាពការងារ និងរបាយការណ៍អធិការកិច្ច ដើម្បីងាយស្រួលមន្ត្រីអធិការកិច្ចការងារ ធ្វើការត្រួតពិនិត្យ។

លោកស្រីមានជំនឿមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពី សំណង់ សិក្ខាសាលានាឱកាសនេះ នឹងមានការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ព្រមទាំងរកឃើញនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី សំណង់ នាពេលខាងមុខនេះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងសង្គម៕

អត្ថបទដែលជាប់ទាក់ទង