ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ចេញនូវយន្តការពិសេស សម្រាប់ទាក់ទាញការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេស នៅតាម​ជាយ​ដែន

34

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia បានផ្សព្វផ្សាយព័ត៌មានថា
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃដំណើរទស្សនកិច្ចការងារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាល និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងស្វាយរៀង និងតំណាងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីការចុះធ្វើទស្សនកិច្ចសិក្សាបឋម និងពិនិត្យមើលស្ថានភាពជាក់ស្ដែង ចំនួនពីរលើក គឺលើកទី១ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ និងលើកទី២ នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផល នៃដំណើរទស្សនកិច្ចការងារទាំងពីរ លើកខាងលើ ព្រមទាំងការដាក់ចេញនូវកិច្ចការបន្តចំពោះមុខ សម្រាប់ជាមូលដ្ឋានឈាន ទៅដល់ការរៀបចំដាក់ចេញនូវយន្តការពិសេស សម្រាប់ទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន, ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ, ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ, និង ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស។
សូមរំលឹកថា បេសកកម្មនេះត្រូវបានធ្វើឡើង ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង