ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងនៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងអត្រា៧,១% នៅឆ្នាំ២០១៩នេះ

32

ភ្នំពេញ ៖ ក្រុមបេសកកម្មពិគ្រោះយោបល់ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោក Toshinori Doi ប្រធាន AMRO បានអះអាងថា កម្ពុជានឹងនៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងអត្រា៧,១% ជាមួយនឹងអត្រាអតិផរណាទាប និងស្ថិរភាពរឹងមាំនៃវិស័យធនាគារ។

បើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ថា នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មពិគ្រោះយោបល់ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោក Toshinori Doi ប្រធាន AMRO ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផល នៃបេសកកម្មតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក Toshinori Doi បានសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ដែលរាជរដ្ឋាភិបាលសម្រេចបាន។ សេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០១៨ ហើយសម្រាប់ឆ្នាំ២០១៩នេះ AMRO រំពឹងថា សេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនរឹងមាំក្នុងអត្រាប្រមាណ ៧,១% ជាមួយនឹងអត្រាអតិផរណាទាប និងស្ថិរភាពរឹងមាំនៃវិស័យធនាគារ។
លោក ទេសាភិបាល បានថ្លែងអំណរគុណចំពោះការិយាល័យ AMRO ដែលតែងតែរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងពង្រឹងការកសាងសមត្ថភាពជំនាញ របស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង