ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថធ្ងន់ៗមកលើព្រះកិត្តិនាមព្រះមហាក្សត្រ

33


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០១៩ នេះបានចេញ សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានធ្វើទង្វើ
រំលោភបំពាន លើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បាននិយាយក្នុងកិច្ចសម្ភាសន៍នៃវេទិកាវិទ្យុអាស៊ីសេរី
ដោយប្រើពាក្យប្រមាថធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ដែលប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពស្រលាញ់ស្មើជីវិត ដែលមានខ្លឹមសារថា “ព្រះមហាក្សត្រ
របស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែ
រក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់
លោក ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ”។

ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈខាងលើនេះ គឺជាការប្រមាថយ៉ាង
ធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ និងបញ្ជាក់ឱ្យកាន់តែច្បាស់ថា ឈាមជ័រនៃពូជកូនជនក្បត់ជាតិ បានបង្ហាញ
ពីចរិកក្បត់ជាតិកាន់តែច្បាស់របស់ទណ្ឌិត សម រង្ស៊ី ដូចទង្វើក្បត់ជាតិរបស់ សម សារី ជាឪពុក។

រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតរូបនេះ ដែលបានធ្វើទង្វើ
រំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី តាមដីកានានារបស់តុលាការឱ្យខាងតែបាន
ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីយកទណ្ឌិតក្បត់ជាតិរូបនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង