ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ តាមបណ្ដាអគារធំៗដែលមានមនុស្សច្រើននៅក្នុងក្រុង ជាកិច្ចការសំខាន់ ពាក់ព័ន្ធការងារបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ

26
ភ្នំពេញ៖  ការពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យតាមបណ្ដាអគារដែលប្រមូលមនុស្សច្រើន គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធ ការងារបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ ដែលអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនិងម្ចាស់អគារធំៗត្រូវយកចិត្តទុកដាក់ ដើម្បីបង្ការទប់ស្កាត់កុំអោយកើតមាននូវគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គីភ័យនេះតែម្តង។
  ដើម្បីអោយការងារនេះ សម្រេចបាននូវភាពជោគជ័យ លោកមាន ចាន់យ៉ាងដា អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១២ កញ្ញា២០១៩នេះ បានដឹកនាំក្រុមការងារត្រួតពិនិត្យអគ្គិភ័យរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ សមត្ថកិច្ចប៉ូលីសនិងប៉េអុឹមខណ្ឌទួលគោកចុះពិនិត្យទីតាំងអគារការឈូកទិព្វ និងឡាក់គីស្តា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
ដើម្បីធានាបាននូវសុវត្ថិភាពនៃប្រព័ន្ធការពារគ្រោះអគ្គិភ័យតាមអគារនីមួយៗ។
   លោកមាន ចាន់យ៉ាងដា បានបញ្ជាក់អោយដឹងថា អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់អោយលោកដឹកនាំក្រុមការងារត្រួតពិនិត្យអគ្គិភ័យរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីអាជ្ញាធរ សមត្ថកិច្ចប៉ូលីសនិងប៉េអុឹមខណ្ឌទួលគោកចុះពិនិត្យទីតាំងអគារការឈូកទិព្វ និងឡាក់គីស្តា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
  លោកបន្តថា អ្វីដែលជាការណែនាំរបស់ក្រសួងមហាផ្ទៃ គឺគ្រប់អគារធំៗ ដែលមានប្រមូលផ្តុំមនុស្សច្រើន ត្រូវគិតគូរ ពីច្រកសុវត្ថិភាព សម្រាប់ភ្ញៀវដែលចូលមកហូបការនិងមកចូលរួមពិធីផ្សេងៗ ។ ត្រូវមានប្រព័ន្ធ បង្ការអគ្គីភ័យនៅគ្រប់អគារ ។ ការបំពាក់បំពង់ពន្លត់អគ្គីភ័យ ។ កន្លែងខ្លះបានតែបំពាក់ ប៉ុន្តែប្រើប្រាស់មិនកើត នៅពេលមានបញ្ហាកើតឡើង ដែលការងារនេះតម្រូវអោយម្ចាស់អគារត្រូវពង្រឹងការពិនិត្យឡើងវិញ ដើម្បីធានាថា មានបញ្ហាអាក្រក់កើតឡើងយើងអាចទប់ស្កាត់បានទាន់ពេល មិនបង្កអោយមានគ្រោះមហន្តរាយធំបាន។
   ក្នុងឱកាសនោះដែរ លោក មាន ចាន់យ៉ាដា បានធ្វើការអំពាវនាវអោយម្ចាស់អគារធំៗ ដែលទទួលភ្ញៀវចេញ ចូលច្រើនៗ ចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួង មហាផ្ទៃ និងសហការអោយបានល្អ
ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕
អត្ថបទដែលជាប់ទាក់ទង