ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្លាប់ប្រពន្ធខ្លួនឯង រួចចាក់សាំងដុតសពក្នុងផ្ទះ ដើម្បបង្វែរ ជាករណី អគ្គីភ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

29

កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយថា សម្លាប់ប្រពន្ធខ្លួនឯង រួចចាក់សាំងដុតសពក្នុងផ្ទះ ដើម្បបង្វែរ ជាករណី អគ្គីភ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គឺផ្ដើមឡើងដោយសារ ទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារនិងដោះ បំណុល គិតតែដើរលេង ទើបជនរងគ្រោះ ជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សា ច្របាច់ក បណ្ដាលឲ្យជនរងគ្រោះ ជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធ បង្កើតឡើង ជាករណី អគ្គីភ័យ ដុតផ្ទះ ដើម្បីបំភាន់ភ្នែកអ្នកជិតខាង និង សមត្ថកិច្ច ។

បើតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងលទ្ធផល ស៊ើបអង្កេត ករណីឃាតកម្មគិតទុកជាមុន (សម្លាប់ប្រពន្ធរួចដុតក្នុងផ្ទះ)​ដែលកើតហេតុ​ នៅថ្ងៃ​ អាទិត្យ​ ១៣កើតខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ២៤៦៣​ គ.ស​ ២០១៩​ ត្រូវនឹងថ្ងៃទី​១៤​ ខែកក្កដា ឆ្នាំ២០១៩​ វេលាម៉ោង​ ២និង៤០នាទី​ នៅចំណុចផ្ទះ​ ឈ្មោះ​វ៉េង​ វិរៈ ភេទ​ ប្រុសអាយុ៣០ឆ្នាំ​ នៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី(ប្រពន្ធ)ស្លាប់នៅក្នុងផ្ទះ កន្លែងកើតហេតុ មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ ចំណែកជនសង្ស័យឈ្មោះ​ វ៉េង​ វិរៈ ហៅ លក្ខ័ ភេទប្រុស​ អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក(ប្ដី)រងរបួស មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ ក្នុងហេតុការណ៍នោះ សម្ភារៈ ខូចខាត ឆេះផ្ទះ១ខ្នងទំហំ ៩ម៉ែត្រគុណនឹង៥ម៉ែត្រ (ឆេះអស់៥០%) សម្ភារៈ ក្នុងផ្ទះមួយចំនួន ស្លាប់មនុស្ស១នាក់ របួសមនុស្ស១នាក់ ។

នគរបាលបានបញ្ជាក់ពីសភាពរឿងហេតុថា ​នៅមុនពេលកើតហេតុ​ ឈ្មោះវ៉េង​ វិរៈ ជាប្តីនិងឈ្មោះ​ហានស្រីមុំ​ ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់​ ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដង លុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានភ្លើង​ឆាបឆេះក្នុងបន្ទប់​ កន្លែងដេក បណ្តាលឲ្យឈ្មោះ​ ហានស្រីមុំ​(ស្លាប់)នៅកន្លែងដេក​ និងឈ្មោះ​វ៉េង​ វិរៈ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លើងដែល កំពុងឆេះ ។ ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក ខេត្ត បានចុះដល់កន្លែងកើតហេតុ​ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ករណីនេះ សមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បានចុះពិនិត្យសហការជាមួយផ្នែកជំនាញ ស្រុកស្អាង ។

នគរបាលជំនាញបានធ្វើការសន្និដ្ឋានថា ករណីនេះ ជាឃាតកម្ម (សម្លាប់រួចបង្កើតជាអគ្គីភ័យ)។

ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជា ប្ដីជនរងគ្រោះ តែដោយមូលហេតុ ជនសង្ស័យ រងរបួសដោយសារ ឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការ នាំខ្លួន មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បន្ទាប់ពីបាន តស៊ូស្ដាប់ចម្លើយ ទើបជនសង្ស័យបាន យល់ព្រមសារភាព ពីសកម្មភាពរបស់ខ្លួន ដូចខាងក្រោម៖ នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែលបីទៅបួនថ្ងៃ ជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យមិនទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង ៥ល្ងាចក៏ជិះម៉ូតូម៉ាក ហុងដាវ៉េវ ត្រឡប់មកផ្ទះវិញ ដាំបាយ លុះដល់ម៉ោងប្រហែល ៦ជាងល្ងាច ប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះ បានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសប៊ុក រហូតដល់ម៉ោង ប្រហែល៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករូបដេកយប់ មិនចាំពណ៌ កំពុងចុចមើលទូរស័ព្ទ ចំណែកជនសង្ស័យ ប្ដី មើលរឿងចិនតាមទូរស័ព្ទ បន្ទាប់មកជនរងគ្រោះបានរអ៊ូសុំជនសង្ស័យប្ដី លែងលះគ្នាដោយបបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យប្ដី បដិសេធមិនព្រមក៏ទាស់សំដីគ្នារហូតឈានដល់ជនសង្ស័យ ងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូក ដោយបានយកភួយនិងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូ ដាក់ដបទឹកសុទ្ធ បានប្រហែលជាងកន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ដែកកេះដុតបណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លឹះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួន ចម្ងាយប្រហែលជាង ១.០០០ម៉ែត្រក៏ឡើងគោក ឃើញកង់គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើត ដោយសភាពធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្នំពេញ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បញ្ជាក់ថា ករណីឃាតកម្ម គិតទុកជាមុននេះផ្ដើមឡើងដោយសារ ទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារនិងដោះ បំណុល គិតតែដើរលេង ទើបជនរងគ្រោះ ជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សា ច្របាច់ក បណ្ដាលឲ្យជនរងគ្រោះ ជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធ បង្កើតឡើង ជាករណី អគ្គីភ័យ ដុតផ្ទះ ដើម្បីបំភាន់ភ្នែកអ្នកជិតខាង និង សមត្ថកិច្ច ក្រោមរូបភាព ដុតផ្ទះដើម្បីបិទបាំងទង្វើ សកម្មភាព ឃាតកម្មគិតទុកជាមុន របស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង