ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ​! បេក្ខជនទាំង ៧៩០៥២នាក់ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​បាក់ឌុប ឆ្នាំ​២០១៩ ,​ និទ្ទេស A ទាំង ៤៤៣នាក់

38

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំបានជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិ​ក្សាទុ​តិយភូមិ ទទួល​បាន​និ​ទ្ទេ​ស​ល្អ​​ គាប់ប្រសើរ។ បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន ​ស្ដីពី​​លទ្ធ​ផល​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូ​មិ​ សម័យ​៖ ១៩ សីហា ២០១៩ អបអរ​សាទរ បេក្ខជន​​​ទ​ទួល​បាន​និទ្ទេស A ទាំង ៤៤៣នាក់។ បេក្ខជន​ប្រឡង​មធ្យម​សិក្សា​​ទុតិ​យភូមិ​​ឆ្នាំ​​២០១៩ ជាប់​ចំនួន ៦៨,៦២% ធៀប​នឹង​ឆ្នាំ​២០១៨ ជាប់​ចំនួន ៦៧,០៧%។​

ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុ​តិយ​ភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សី​ហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រ​សិទ្ធភាព​ខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយ​កើ​តឡើងឡើ​យ។ គណៈកម្មការស្រង់បូកពិ​ន្ទុទាំ​ងអស់ គោរពតាមបទប្បញ្ញត្តិ​បា​នល្អ និងអនុវត្តតាមកម្រ​ង​ភារកិ​ច្ច ប្រកបដោយភាពហ្មត់​ច​ត់ ស្មោះត្រង់ និងស្មារ​តីទ​ទួល​ខុសត្រូ​វខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រ​ព្រឹ​ត្តិទៅ ​ដោយមា​នកិច្ច​សហ​ការ យ៉ាងល្អ​ពីគ្រប់​ភាគីពា​ក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំង​អំ​ពើពុក​រលួយ អាជ្ញាធរដែន​ដី​ និងកងកម្លាំង​មាន​សមត្ថ​កិច្ច។ លទ្ធផលប្រឡងនឹងត្រូវ​ប្រ​កាសនៅ​តាម​មណ្ឌល​ក្នុង​រាជ​ធានីភ្នំ​ពេញ និងខេត្តកណ្តា​ល​ នៅរ​សៀលថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡង​ផ្សេ​ងៗទៀ​តនៅថ្ងៃ​ទី១​០ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័​ត៌មា​ន ស្តីពី ​លទ្ធផ​លប្រឡ​ងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ​(​បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួ​ន​ ៧​៩.០៥២នាក់ ស្មើនឹង៦៨,៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួ​ន ​៤៤៣​នាក់ , ជាប់និទ្ទេស B ចំនួន២៤៣០នាក់​ , ជាប់​និទ្ទេស​ C ចំនួន៥.៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤.១០០នាក់ និងនិទ្ទេស ​E ចំ​នួន៥​៦.២៣​២នាក់។

យោងតាមក្រសួងអប់រំ ក្នុងចំណោមបេក្ខជនទទួលបា​ន​និទ្ទេស A ចំនួន៤៤៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន​១​៤១នាក់, ខេត្តសៀមរាប ៣​៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ​២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័​យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នា​ក់ និងខេត្តឧត្តរមានជ័​យ​ម្នាក់​។

ការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃ​ទី​១៩-២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងគ្រប់រាជ​ធា​នីខេត្ត​ចំនួ​ន ២០២មណ្ឌល បន្ទប់ប្រ​ឡង​៤.៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងប​ញ្ជី​សរុប ១១៧.០៤៣នាក់។ បេក្ខជនអវត្តមាន​ចំនួ​ន១.៨៣៥នាក់៕

អត្ថបទដែលជាប់ទាក់ទង