ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួកគីចាប់ផ្តើមបន្តទទួលយកប្រព័ន្ធ S-400 ពីរុស្ស៊ី

40


យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu រដ្ឋមន្រ្តីការពារជាតិតួកគី លោក Hulusi Akar នាថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរបស់លោកនឹងចាប់ផ្តើមទទួលយកប្រព័ន្ធមីស៊ីលការពារអាកាស S-400 បន្ថែមទៀត ពីប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ រុស្ស៊ីបានបញ្ចប់ដំណើរការប្រគល់ប្រព័ន្ធ S-400 ដំណាក់កាលដំបូងមកឲ្យតួកគី ដោយទីក្រុង អង់ការ៉ាបានហុចដាច់ទទួលយកប្រព័ន្ធខែលការពារមីស៊ីលនេះ ទាំងនៅចំពោះមុខការព្រមានរបស់អាមេរិក។ ទីក្រុងវ៉ាស៊ីនតោន មានក្តីជំទាស់ជាខ្លាំងចំពោះការទិញសព្វាវុធនេះ ព្រោះការយល់ឃើញថា វានឹងប្រឆាំងជាមួយក្បួនយុទ្ធសាស្រ្តយោធានៃអង្គការ NATO ដែលតួកគីជាសមាជិកមួយដែរ។
ជាការឆ្លើយតប សហរដ្ឋអាមេរិក បានសម្រេចដកតួកគីចេញពីកម្មវិធីនៃភាពជាដៃគូអភិវឌ្ឍយន្តហោះចម្បាំង-បំបាំងកាយ F-35 និងប្រកាសលែងលក់យន្តហោះនេះឲ្យតួកគីថែមទៀត ដ្បិតការបំពាក់ប្រព័ន្ធ S-400 នៅលើទឹកដីតួកគី អាចនឹងបើកឱកាសឲ្យ ប្រទេសរុស្ស៊ីលួចស៊ើបដឹងពីការណ៍សម្ងាត់នៃបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 របស់ខ្លួន។
គួរជម្រាបថា កិច្ចព្រមព្រៀងទិញប្រព័ន្ធ S-400 រវាងទីក្រុងអង់ការ៉ានិងទីក្រុងម៉ូស្គូ មានទំហំ២.៥ពាន់លានដុល្លារ។ សម្រាប់ការ ដឹកជញ្ជូន S-400 បន្ថែមមកកាន់ប្រទេសតួកគី បើតាមសេចក្តីរាយការណ៍ព័ត៌មានកន្លងមក អាចនឹងបន្តប្រព្រឹត្តទៅដល់ខែកញ្ញា ខណៈការប្រគល់លើកមួយ រុស្ស៊ីបានប្រើប្រាស់យន្តហោះធំៗជាច្រើនគ្រឿង ដើម្បីធ្វើការដឹកបញ្ជូនជាបន្តបន្ទាប់មកកាន់តួកគី៕

អត្ថបទដែលជាប់ទាក់ទង